Steven Gerrard បានបញ្ជាក់ថាខ្លួនធ្លាប់មានឱកាសច្រើនដងដែរក្នុងការទៅលេងនៅក្លិប Real Madrid មុនសម្រេចចិត្តបន្តវាសនានៅ Liverpool រហូតមក ដោយសារចង់លេងនៅស្រុកកំណើតជាង។
Gerrard បាននិយាយមុនពេលប្រកួតជាមួយ Real Madrid យប់នេះថា៖ “វាជារឿងរំភើបខ្លាំងណាស់ដែលមានក្លិបធំដូច Real Madrid ចង់បានខ្ញុំម្ដងជាពីរដង ប៉ុន្តែខ្ញុំបានបដិសេធរហូត ពីព្រោះខ្ញុំមិនចង់ចាកចេញពីស្រុកកំណើត (ប្រទេសអង់គ្លេស) នោះទេ។ វាប្រហែលជាអាចធ្វើឱ្យខ្ញុំសោកស្ដាយទៅថ្ងៃមុខក្នុងការដែលបោះបង់ឱកាសល្អទៅលេងនៅក្លិបផ្សេងក្នុងប្រទេសដទៃទៀត ប៉ុន្តែខ្ញុំគិតថាវាកាន់តែធ្វើឱ្យខ្ញុំសោកស្ដាយខ្លាំងថែមទៀត ប្រសិនបើខ្ញុំចាកចេញពីក្លិបដែលខ្ញុំស្រលាញ់។ ខ្ញុំជាអ្នកគាំទ្រ Real Madrid ម្នាក់ដែរ ប៉ុន្តែក្លិបដែលមានលេខមួយក្នុងបេះដូងខ្ញុំគឺ Liverpool”។
ខ្សែបម្រើអង់គ្លេស វ័យ៣៤ឆ្នាំខាងលើនេះចាប់ពីឈានជើងចូលលេងបាល់ទាត់តាំងពីឆ្នាំ ១៩៨៧ មកគឺលេងឱ្យតែ Liverpool មួយទេ ពោលគឺតាំងពីឈុតយុវជនរហូតដល់ឈុតធំ។ រយៈពេល១៦ឆ្នាំនៅហង្សក្រហមនេះ ម្ចាស់ពានរង្វាន់ Liverpool Top Goalscorer ៣សម័យកាលរូបនេះអាចជួយក្រុមឈ្នះពាន FA Cup ២ដង, League Cup ៣ដង, FA Community Shield ១ដង, UEFA Champions League ១ដង, UEFA Cup ១ដង និង UEFA Super Cup ១ដង។
នៅ៥ឆ្នាំមុន ក្នុងទឹកដី Anfield នេះដែរ Liverpool អាចឈ្នះ Real Madrid រហូតដល់ទៅ៤-០ ដែលកាលនោះ Gerrard នេះហើយដែលរកបាន២គ្រាប់ម្នាក់ឯង។ ចុះនៅយប់នេះវិញតើ Gerrard អាចធ្វើបានល្អទៀតឬអត់? កុំភ្លេច បន្តិចទៀតនេះ Sabay នឹងនិយាយពីជើងកីឡាករ និងប្រវត្តិជួបគ្នារវាង Liverpool និង Real Madrid៕