ម៉ោង១:៤៥នាទីរំលងអាធ្រាត្រយប់នេះ ក្រុមអង់គ្លេស Liverpool នឹងបើកកីឡដ្ឋាន Anfield របស់ខ្លួនស្វាគមន៍ក្រុមយក្សអេស្ប៉ាញ Real Madrid ដើម្បីដណ្ដើមគ្នាយក៣ពិន្ទុ ក្នុងពូល B នៃ UEFA Champions League ។
តើហង្សក្រហម ឬស្ដេចស ដែលអាចទទួលបាន៣ពិន្ទុពីការប្រកួតនេះ?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ៖
លោក Brendan Rodgers គ្រូបង្វឹកក្រុម Liverpool បាននិយាយថា៖ “នេះជាការប្រកួតសំខាន់បំផុតរបស់ក្រុមយើងក្នុងការជួបជាមួយក្រុមខ្លាំងដូច Real Madrid។ ពួកគេមានកីឡាករកំពូលៗច្រើន ជាពិសេសគឺ Ronaldo តែម្ដង។ ប្រកួតយប់នេះមនុស្សម្នាក់ដែលយើងត្រូវបិទឱ្យជាប់នោះគឺ Ronaldo នេះឯង។ ថ្វីត្បិតតែក្រុមយើងចាញ់ប្រៀបគេបន្តិចមែន ប៉ុន្តែយប់នេះក្រុមទាំងមូលនឹងប្រឹងឱ្យអស់ពីសមត្ថភាព។ ការប្រកួតក្នុងដីខ្លួនឯង គឺជាឱកាសយើងហើយក្នុងការយកពិន្ទុ”។
ដោយឡែកលោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Real Madrid វិញបាននិយាយដែរថា៖ “ក្រុមយើងទាំងមូលធ្វើបានល្អហើយកាលពីប្រកួតមុនៗ។ ប៉ុន្តែការលេងនៅទឹកដីអង់គ្លេស គឺយើងមានសម្ពាធច្រើនណាស់ ដូច្នេះក្រុមទាំងមូលមិនអាចមើលស្រាលគេបានទេ ហើយលើសពីនេះទៅទៀតនោះគឺប្រឹងលេងឱ្យអស់ពីសមត្ថភាព។ ការអវត្តមាន Bale គឺពិតជារឿងមិនល្អទេសម្រាប់ក្រុមទាំងមូល ប៉ុន្តែយើងអាចដាក់ James បានជំនួស Bale ក្នុងតំបន់បម្រើនេះ ហើយ Isco ត្រូវទៅលេងនៅបម្រើស្លាបវិញ។ នេះជាវិធីសាស្ត្រល្អបំផុតសម្រាប់ក្រុម”។
ជើងកីឡាករ
Liverpool នឹងត្រូវអវត្តមានកីឡាករសំខាន់ៗដូចជា Sturridge (របួសកំភួនជើង), Sakho (ជង្គង់) និង Flanagan (ជង្គង់)។ សម្រាប់ជម្រើស១១នាក់ដំបូងអាចមានដូចជា៖ Mignolet, Johnson, Lovren, Škrtel, Moreno, Allen, Gerrard, Henderson, Sterling, Coutinho, Balotelli។
ចំណែក Real Madrid វិញនឹងត្រូវអវត្តមាន Bale (របួសសាច់ដុំត្រគាក), Jese (ជង្គង់), Ramos (របួសកំភួនជើង) និង Coentrao (ជង្គង់)។ សម្រាប់ជម្រើស១១នាក់ អាចមានដូចជា៖ Casillas, Carvajal, Pepe, Varane, Marcelo, Kroos, Modrić, Isco, James, Ronaldo និង Benzema ។
ប្រវត្តិជួបគ្នា
Liverpool និង Real Madrid ធ្លាប់បានជួបគ្នាតែ៣ដង ហើយ Liverpool ឈ្នះទាំង៣ដង។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៩ នៅទឹកដី Real Madrid ក្រុម Liverpool ឈ្នះ ១-០ ឯនៅថ្ងៃ ១១ ខែមិនា ឆ្នាំ២០០៩ Liverpool ស៊ី Real ៤-០ ក្នុងដីខ្លួនឯង ខណៈកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ១៩៨១ Liverpool ឈ្នះ Real ១-០។
ជំនួបរវាងក្រុមទាំង២កន្លងមក
អ្វីដែលគួរដឹង
Liverpool បើករដូវកាលនេះធ្វើមិនសូវបានល្អប៉ុន្មានទេ ពោលគឺពេលប៉ះ QPR កាលពីថ្ងៃអាទិត្យនេះឈ្នះ ៣-២ ដោយបាល់ own goal ដល់ទៅ២គ្រាប់។ បើគិតតែនៅ Premier League វិញ ៨ប្រកួតរបស់ Liverpool ឈ្នះ ៤ ស្មើ១ និងចាញ់៣ ឈរនៅលេខរៀងទី៥បណ្ដោះអាសន្ន។
ចំពោះ Real Madrid វិញ Cr7 រកបាន១៥គ្រាប់ហើយ គិតតែក្របខ័ណ្ឌ La Liga ។ ហើយមួយប្រកួតៗក្រុមយក្សនៅអេស្ប៉ាញនេះស៊ីមិនតិច២គ្រាប់នោះទេ។ អ្វីដែលពិសេសទៀតនោះ Cristiano Ronaldo ធ្វើបានហ៊ែតទ្រីក (Hat-trick) ២២ដងហើយចាប់ពីចាកចេញពី Man Utd ទៅលេងនៅ Real Madrid តាំងពីឆ្នាំ២០០៩មកនោះ។