តារា ឆ្នើមៗ Neymar និង Luis Suarez បានបញ្ចេញថ្វីជើង ជួយឲ្យក្រុម Barcelona ដែលជាក្រុមការពារតំណែងជើងឯក UEFA Champions League បានបំបាក់ក្រុមបេឡារូស BATE Borisov ៣-០ ក្នុងការប្រកួតសន្សំពិន្ទុពូល E នាកីឡដ្ឋាន Camp Nou យប់មិញ។
Neymar រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៣០ ដោយបាល់ពិន័យ១១ម៉ែត្រ និងនាទី៨៣ទៀត ខណៈដែលអតីតខ្សែប្រយុទ្ធក្រុម Liverpool (Suarez) ក៏រកបាន១គ្រាប់ដែរ នៅនាទី៦០។ លទ្ធផលនេះ បានជួយឲ្យ Barca មាន១០ពិន្ទុ ឈរកំពូលតារាងពូល E លើក្រុមលេខ២ Roma ៥ពិន្ទុ ប៉ុន្តែពុំទាន់អាចឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិទេ ពោលគឺត្រូវការ១ពិន្ទុទៀត ខណៈដែលសល់២ប្រកួតក្នុងដៃ។
តាំងពីដូរឈ្មោះពី European Champion Clubs’ Cup ឬ European Cup ទៅ UEFA Champions League នៅឆ្នាំ១៩៩២មក ពុំទាន់មានក្រុមខ្លាំងណាមួយ អាចការពារតំណែងជើងឯក ពានរង្វាន់មួយនេះបាន ឬលើកពាន២ឆ្នាំជាប់ៗគ្នាបានទេ។ ដូច្នេះក្រុមអ្នកមានបុណ្យ សង្ឃឹមថា ពួកគេនឹងអាចបំបែកកំណត់ត្រានេះបាន រដូវកាលនេះ។
ក្រោយចប់ការប្រកួត Luis Enrique អ្នកចាត់ការក្រុម Barca បាននិយាយថា៖ “ខ្ញុំរីករាយណាស់ ជាមួយការប្រកួតនេះ។ វាជាលទ្ធផលដ៏អស្ចារ្យ។ វាមិនមែនជារឿងងាយស្រួលទេ ដើម្បីឈ្នះពានរង្វាន់ UEFA Champions League នេះ។ យើងចង់បញ្ចប់ ដោយឈរនៅលេខ១ ក្នុងពូល ហើយយើងត្រូវតែយកឈ្នះលើ Roma ឲ្យបាននៅប្រកួតបន្ទាប់”៕
សូមទស្សនាវីដេអូខាងក្រោម៖