ក្រុម ខ្លាំងអាល្លឺម៉ង់ Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមខ្លាំងអង់គ្លេសកាំភ្លើងធំ Arsenal ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល F នាវេលាម៉ោង០២:៤៥នាទីយប់នេះ។
កាលជើងទី១ នៅទឹកដីអង់គ្លេស កាំភ្លើងធំបានបាញ់ Bayern ឲ្យស្គាល់បរាជ័យលើកដំបូងនៅរដូវកាលនេះ ដោយលទ្ធផល ២-០។ ដូច្នេះយប់នេះសម្រាប់ Bayern គឺជាការប្រកួតសងសឹងមួយ ដើម្បីចង់សងភាពឈឺចាប់ឲ្យ Arsenal វិញ។
សម្ដីអ្នកចាត់ការ៖
Pep Guardiola អ្នកចាត់ការក្រុម Bayern បាននិយាយមុនប្រកួតធំនេះថា៖ “វាដូចជាការប្រកួតថ្មីមួយ បន្ទាប់ពីយើងចាញ់នៅទីក្រុងឡុងដុង។ នេះជាការប្រកួត ដែលយើងចង់ឈ្នះ នៅមុខអ្នកគាំទ្ររបស់យើង។ យើងមានពេល៩០នាទី ដើម្បីខិតជិតឡើងទៅកាន់វគ្គជាបន្ត។ Arsenal ជាក្រុម ដែលចូលចិត្តបានបាល់ ហើយវាយបកភ្លាមៗ។ ដូច្នេះយើងចង់ដាក់សំពាធពួកគេឲ្យខ្លាំង កុំឲ្យពួកគេទៅណាឆ្ងាយពីតំបន់គ្រោះថ្នាក់របស់គេ”។
រីឯ Arsène Wenger អ្នកចាត់ការចាស់វស្សារបស់កាំភ្លើងធំវិញ បាននិយាយថា៖ “យើងត្រូវតែរក្សាទម្រង់លេងឲ្យបានល្អដូចមុន។ យើងចង់បានលទ្ធផលវិជ្ជមានម្ដងទៀត។ យើងនៅតែបន្តអភិវឌ្ឍន៍ ក្រុមរបស់យើង។ យើងលេងបានយ៉ាងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យយើងជឿថា នឹងអាចទទួលបានលទ្ធផលល្អក្នុងប្រកួតនេះ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Bayern នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា Franck Ribery (របួសកជើង), Mario Gotze (ក្រលៀន) និង Sebastian Rode (របួសភ្លៅ) ប៉ុន្តែ Arjen Robben និង Javi Martinez ដែលទើបតែត្រឡប់ពីរបួស អាចចូលលេងបានវិញហើយ។ ដូច្នេះ១១នាក់ដំបូងក្រុមយក្សអាល្លឺម៉ង់ អាចជា៖ Neuer, Lahm, Boateng, Martinez, Alaba, Alonso, Vidal, Costa, Robben, Muller, Lewandowski។
ចំណែកក្រុមភ្ញៀវ Arsenal វិញ របួសកីឡាករសំខាន់ៗសរុបដល់ទៅ៩នាក់ឯណោះ ក្នុងនោះមាន Walcott (របួសកំភួនជើង), Oxlade-Chamberlain (សរសៃពួរ), Arteta (កជើង), Ramsey (សរសៃពួរ), Ospina (របួសស្មា), Wilshere (កំភួនជើង), Rosický (ជង្គង់), Welbeck (ជង្គង់) ខណៈដែលខ្សែការពារ Hector Bellerin ទើបតែរបួសក្រលៀនថែមទៀត។ ដូច្នេះ១១នាក់ដំបូង របស់កាំភ្លើងធំ អាចជា៖ Cech, Debuchy, Koscielny, Mertesacker, Moreal, Coquelin, Cazorla, Ozil, Sanchez, Campbell, Giroud។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ក្រុមទាំង២នេះ ធ្លាប់ប៉ះគ្នាសរុបចំនួន៩ដង ក្នុងនោះ Bayern ឈ្នះ៤ដង, Arsenal ឈ្នះ៣ដង និងស្មើគ្នា២ដង។ ជួបគ្នាចុងក្រោយ កាលខែមុន Arsenal ឈ្នះ ២-០។
Arsenal របស់ Arsene Wenger ឈ្នះទាំង៥ប្រកួត នៅ Premier League ក្នុង៥ប្រកួតចុងក្រោយនេះ និងស៊ុតគេចូល១៦គ្រាប់។ រីឯ Bayern វិញ ឈ្នះរហូតនៅ Bundesliga តាំងពីបើករដូវកាលថ្មី ប៉ុន្តែទើបតែភ្លាត់ស្មើ Eintracht Frankfurt ០-០ កាលពីចុងសប្ដាហ៍កន្លងទៅប៉ុណ្ណោះ៕
ព្យាករណ៍គូនេះគឺ៖ Bayern Munich ៣-០ Arsenal, ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
គូប្រកួតទាំងអស់យប់នេះគឺ៖