ក្រុម បឹងកេតអង្គរនឹងត្រូវធ្វើដំណើរមកពហុកីឡដ្ឋានជាតិ ដើម្បីប្រកួតជាមួយក្រុមណាហ្គាវើលក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រជើងទី២ វេលាម៉ោង ៦:០០ល្ងាចនេះ។ ចាំមើលក្រុមលេខមួយក្នុងតារាង អាចវាយបកយកឈ្នះក្រុមណាហ្គាវើលឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមការពារតំណែងជើងឯកឆ្នាំចាស់ភ្នំពេញក្រោន បានឬយ៉ាងណា?
ជំនួបជើងទី១
ក្រុមបឹងកេតអង្គរ បានចាញ់ក្រុមណាហ្គាវើល ៣-១ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ លើទីលានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ ក្រុមចំណាត់ថ្នាក់លេខ១ ក្នុងតារាង ត្រូវការយ៉ាងតិច ២គ្រាប់ល្ងាចនេះ ទើបអាចមានសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រជួបក្រុមភ្នំពេញក្រោន។ ប្រសិនបើគ្រាប់បាល់ស្មើគ្នា នឹងមានការបន្ថែមម៉ោង ១៥នាទី ២ដង ហើយបើនៅតែបន្តស្មើទៀត នឹងត្រូវទាត់បាល់ ១១ម៉ែត្រដើម្បីកាត់សេចក្ដី។
ក្រុមបឹងកេតអង្គរ ទើបទទួលបានជ័យជម្នះលើក្រុមជើងឯកឡាវ Lao Toyota FC កាលពីថ្ងៃទី១ កន្លងទៅក្នុងការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2015។ ដំបូងឡើយ លោក បែ មករា អ្នកចាត់ការទូទៅមានការបារម្ភយ៉ាងខ្លាំងទៅលើស្ថានភាពកីឡាករ ព្រោះកាលវិភាគប្រកួតដ៏មមាញឹក ប៉ុន្តែក្រោយមកសហព័ន្ធបានយល់ព្រមលើកពេល ដែលធ្វើឲ្យកីឡាករទាំងអស់បានសម្រាកគ្រប់គ្រាន់ និងពោរពេញដោយទំនុកចិត្តសម្រាប់ការប្រកួតល្ងាចនេះ។
ក្រុមណាហ្គាវើល
ចំណែកលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានបញ្ជាក់រួចមកហើយថា កីឡាកររបស់លោកទាំងអស់ពុំមានបញ្ហាអ្វីទេ និងកំពុងហ្វឹកហាត់ត្រៀមបានយ៉ាងល្អ ដោយមិនខ្លាចរងបរាជ័យក្នុងការប្រកួតជើងទី២ ឡើយ។ លោកបានបញ្ជាក់ក្រោយជ័យជម្នះលើក្រុមបឹងកេតអង្គរកាលពីជើងទី១ ថា មានសង្ឃឹម ៥០ភាគរយ អាចឡើងវគ្គផ្ដាច់ព្រ័ត្រ។ នៅជើងទីពីរ លោក មាស ចាន់ណា មិនមានការផ្លាស់ប្ដូរជម្រើសច្រើនឡើយ ប៉ុន្តែផ្ដោតសំខាន់លើការជំរុញកីឡាករឲ្យមានទឹកចិត្តកាន់តែ ខ្លាំងឡើង។