រដ្ឋមន្ត្រី ការពារជាតិបារាំងបាននិយាយកាលពីមុននេះបន្តិចថា យន្តហោះបារាំង១០គ្រឿងកំពុងបើកការវាយប្រហារទម្លាក់គ្រាប់បែក ទៅលើទីក្រុង Raqqa ប្រទេសស៊ីរី ក្នុងគោលបំណងវាយកម្ទេចពួក ISIS ជាការសងសឹកចំពោះអ្វីដែលពួកគេបានធ្វើមកលើប្រជាជនបារាំង។
ពួក ISIS បានចេញមុខមកអះអាងថា សោកនាដកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបណ្ដាលឱ្យប្រជាជនស្លូតត្រង់១២៩នាក់ស្លាប់ និងរបួសជាច្រើននាក់ទៀត ជាទង្វើរបស់ខ្លួន។ លោកប្រធានាធិបតីបារាំង Francois Hollande បានចេញមុខមកថ្កោលទោសចំពោះអំពើនេះជាដាច់ខាត ដោយសន្យាថា នឹងវាយប្រហារសងសឹកវិញគ្រប់វិធីសាស្ត្រទាំងអស់ មិនញញើតដៃឡើយ។
ដូចអ្វីដែលប្រធានាធិបតីរូបនេះបាននិយាយ ២៤ម៉ោងក្រោយ កងកម្លាំងទ័ពអាកាសរបស់បារាំងបានបើកការវាយប្រហារមែន ដោយយន្តហោះ១០គ្រឿងចេញប្រតិបត្តិការ ក្នុងនោះមានយន្ដហោះមួយចំនួនទម្លាក់គ្រាប់បែកយ៉ាងតិច២០គ្រាប់ទៅ លើទីក្រុង Raqqa ក្នុងប្រទេសស៊ីរី ដែលជាគោលដៅរបស់ពួក ISIS លាក់ខ្លួន៕