បណ្ដាញសង្គមយក្ស Facebook នឹងផ្លាស់ប្ដូរគោលការណ៍ប្រើឈ្មោះពិតដ៏ចម្រូងចម្រាសរបស់ខ្លួន បន្ទាប់ពីមានការរិះគន់ដែលមិនចង់ប្រើឈ្មោះពិត។ អ្នកប្រើប្រាស់ដែលមិនប្រើ ឬមិនអាចប្រើឈ្មោះពិតលើអនឡាញ អាចពន្យល់ពីស្ថានភាពរបស់ខ្លួន (ផ្ដល់ព័ត៌មានបន្ថែម) នៅពេលដែល Facebook តម្រូវឲ្យមានការបញ្ជាក់ឈ្មោះ (confirmation)។ មួយទៀត Facebook ក៏នឹងទាមទារព័ត៌មានបន្ថែមច្រើនពីអ្នកដែល report គណនីអ្នកប្រើប្រាស់ណាមួយ ថាតើហេតុអ្វីគណនីនោះត្រូវ report ឬ block។
ការកែប្រែនេះ នឹងចាប់ផ្ដើមនៅខែធ្នូ ខាងមុខនេះ។
Facebook CEO Mark Zuckerberg
លោក Growth Alex Schultz អនុប្រធានរបស់ Facebook បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងបន្ថយចំនួនអ្នកប្រើប្រាស់ដែលត្រូវផ្ទៀងផ្ទាត់ បញ្ជាក់ (verify) ឈ្មោះពិតលើ Facebook សម្រាប់អ្នកដែលប្រើឈ្មោះដែលគេស្គាល់រួចហើយ។ “យើងចង់ឲ្យអ្នកប្រើប្រាស់បញ្ជាក់ឈ្មោះរបស់គេកាន់តែងាយស្រួល បើសិនចាំបាច់”។
លោកពន្យល់ថា ការឲ្យអ្នកប្រើប្រាស់អាចពន្យល់មូលហេតុពីការប្រើប្រាស់ឈ្មោះមិន ពិត នឹងអាចជួយដល់ក្រុមការងាររបស់ Facebook យល់កាន់តែច្បាស់ពីស្ថានភាពរបស់អ្នកប្រើប្រាស់។ ប៉ុន្តែលោកក៏បញ្ជាក់ថា៖ “នៅពេលអ្នកប្រើប្រាស់ឈ្មោះដែលអ្នកផ្សេងស្គាល់ ពួកគេនឹងទទួលខុសត្រូវនូវអ្វីដែលគេនិយាយ ពិបាកនឹងលាក់មុខមាត់ដើម្បីនិយាយរំខាន បំពាន ឬបោកប្រាស់អ្នកផ្សេង”។
កន្លងមក អ្នកប្រើប្រាស់មួយចំនួនត្រូវ Facebook ប្លុកគណនីមិនឲ្យប្រើប្រាស់ ដោយទាមទារឲ្យ upload អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ID) ដើម្បីបញ្ជាក់ថាជាម្ចាស់គណនីពិត ដោយមិនឲ្យអ្នកប្រើប្រាស់បញ្ចេញយោបល់អ្វីឡើយ ហើយតម្រូវឲ្យប្រើឈ្មោះពិតត្រូវនឹង ID របស់ខ្លួន។ ដូច្នេះ ការកែប្រែនៅខែធ្នូខាងមុខនេះ មានន័យថា អ្នកប្រើប្រាស់នៅតែអាចបន្តប្រើឈ្មោះមិនពិត តែត្រូវផ្ដល់ព័ត៌មានបន្ថែមច្រើន ពេលដែល Facebook ឲ្យបញ្ជាក់ឈ្មោះ៕