ភេរវជន បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលព្យាយាមចូលក្នុងកីឡដ្ឋានបារាំង Stade de France ត្រូវបានរារាំងដោយឆ្មាំសន្តិសុខមាត់ច្រកម្នាក់។ អ្នកគាំទ្ររាប់ពាន់នាក់កំពុងមើលការប្រកួតមិត្តភាពរវាងបារាំង និងអាល្លឺម៉ង់ បានឮសំឡេងផ្ទុះពីរដងនៅក្រៅកីឡដ្ឋាន Stade de France ត្រឹមរយៈពេល១៥នាទី តែមិនចាប់អារម្មណ៍ដោយស្មានថាជាសំឡេងបាញ់កាំជ្រួច។
សន្តិសុខម្នាក់ដែលគេស្គាល់ត្រឹមឈ្មោះថា Zouheir បាននិយាយថា លោកបានរកឃើញអាវបំពាក់គ្រាប់បែកអត្តឃាត ខណៈដែលកំពុងឆែកឆេរជនសង្ស័យនៅច្រកចូល។ ភេរវជនក៏បំផ្ទុះខ្លួនឯង ខណៈដែលងាកចេញពីក្រុមសន្តិសុខ។ នេះបើតាមការរៀបរាប់ប្រាប់ហេតុការណ៍នៅមាត់ច្រករបស់ Zouheir។
យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា ប៉ូលិសនិយាយថាជនសង្ស័យប្រហែលចង់បំផ្ទុះខ្លួនឯងនៅក្នុងកីឡដ្ឋាន ជាតិដែលអាចផ្ទុកមនុស្សបាន៨ម៉ឺននាក់នេះតែម្ដង ដើម្បីធ្វើមនុស្សផ្អើលរត់ជាន់គ្នាស្លាប់។
ហេតុការណ៍ផ្ទុះនៅក្រៅកីឡដ្ឋាននេះ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសជាច្រើននាក់។
បញ្ជាក់ថា ការវាយប្រហារភេរវកម្ម៦កន្លែងផ្សេងៗគ្នានៅប៉ារីសកាលពីយប់ថ្ងៃ សុក្រដោយរដ្ឋអ៊ីស្លាម ISIS បានសម្លាប់មនុស្ស ១២៩ នាក់ និងរបួស ៣៥២នាក់ ខណៈដែលអត្តសញ្ញាណរបស់ភេរវជនមិនទាន់ត្រូវប៉ូលិសប្រាប់ឲ្យដឹង តែម្នាក់ក្នុងចំណោមជនសង្ស័យដែលស្លាប់ មានលិខិតឆ្លងដែនជនជាតិស៊ីរីនៅជិតខ្លួន៕