ក្លិប
Real Madrid ជឿថាខ្សែបម្រើ Eden Hazard
កំពុងតែមិនសប្បាយចិត្តនៅ Chelsea ហើយពួកគេត្រៀមនឹងទិញយក Super
Star របស់ជម្រើសជាតិបែលហ្សិករូបនេះ នៅខែមករាខាងមុខ។
នេះបើតាមសេចក្ដីរាយការណ៍ពី Don Balon។
កីឡាករវ័យ២៤ឆ្នាំ Hazard គឺជាកីឡាករល្អបំផុតរបស់ Chelsea រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែនៅរដូវកាលថ្មីនេះវិញ អតីតខ្សែបម្រើក្រុម Lille រូបនេះ បានបង្ហាញកាយវិការ លេងដូចពុំសូវមានអារម្មណ៍ប៉ុន្មានឡើយ។
កាលខែមុន Hazard ក៏ត្រូវបានអ្នកចាត់ការ Jose Mourinho ដកចេញពីជម្រើសដំបូង កាលប៉ះ Aston Villa ផងដែរ ខណៈដែលមកទល់ពេលនេះ គេជឿថាកីឡាករ Playmaker រូបនេះ ក៏កំពុងតែមានបញ្ហាស្មុគស្មាញ និងអន់ចិត្តជាមួយអ្នកចាត់ការរហស្សនាម “Special One”។
Ramon Calderon ប្រធានក្លិប Real Madrid បាននិយាយថា៖ “ក្លិបរបស់យើងកំពុងតែសម្លឹងមើល Hazard ហើយដរាបណាខ្ញុំដឹងថា គាត់មិនបដិសេធទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា”។
Hazard មានមហិច្ឆតាមួយ ចង់លេងឲ្យក្រុមយក្សរបស់អេស្ប៉ាញ ខណៈដែល Real គឺជាក្រុមមួយ ដែលរូបគេគាំទ្រតាំងពីតូច ហើយ Zinedine Zidane ដែលបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Real Madrid B គឺជា Idol របស់គេ៕