Gareth Bale ខ្សែបម្រើរបស់ក្រុម Real Madrid ជឿជាក់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ និងអាចលេងដល់កម្រិតកំពូលល្អដូចមិត្តរួមក្រុម Cristiano Ronaldo និង Lionel Messi របស់ក្រុម Barcelona។
Bale បានរងការរិះគន់យ៉ាងច្រើនរដូវកាលមុន បន្ទាប់ពីបង្ហាញទម្រង់លេងពុំសូវបានល្អ ខណៈដែលរដូវកាលនេះវិញ ក៏ពុំបានល្អដូចគ្នា ដោយ៨ប្រកួត ស៊ុតបានតែ២គ្រាប់ប៉ុណ្ណោះ។
ចំណែកឯ Messi និង Ronaldo ត្រូវបានគេចាត់ទុកថា ជាកំពូលកីឡាករទាំង២ខ្លាំងបំផុតលើលោក ខណៈដែល៧ឆ្នាំចុងក្រោយ ពួកគេទាំង២នាក់ បានឈ្នះ Ballon d’Or រហូត ដោយ Messi ឈ្នះ៤ដង ហើយ Ronaldo ឈ្នះ៣ដង។
យ៉ាងណាក្ដី កីឡាករវ័យ២៦ឆ្នាំជម្រើសជាតិវែល Bale ជឿថា ខ្លួននឹងអាចលេងដល់កម្រិតកំពូលដូច Messi និង Ronaldo បានក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
“ខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងអាចធ្វើបានដូចនោះ ព្រោះខ្ញុំដឹងពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំមិនអាចនិយាយថា ឈ្នះ Ballon d’Or ជាគោលបំណងរបស់ខ្ញុំទេ។ ជោគជ័យមិនមែនគិតតែពានរង្វាន់ផ្ទាល់ខ្លួនទេ។ ពេលអ្នកឈ្នះ Champions League និង La Liga ហើយពេលអ្នកទទួលបានជោគជ័យដូចនោះ អ្វីៗនឹងមកដល់ពេលក្រោយ”។ Bale បានប្រាប់ដល់ Daily Mirror។
អតីតកីឡាករ Spurs រូបនេះ បន្ថែមថា៖ “ពេលខ្ញុំឈ្នះពាន PFA Player of the Year នៅ Spurs…ខ្ញុំមិនដែលគិតពេលចាប់ផ្ដើមរដូវកាលថា ខ្ញុំនឹងអាចឈ្នះពាននេះទេ។ ខ្ញុំគ្រាន់តែ លេង លេង លេង ធ្វើអ្វីឲ្យល្អៗសម្រាប់ក្រុម ព្យាយាមរកគ្រាប់ និង Assists ហើយអ្វីដែលកើតឡើង វានឹងកើតឡើងនៅចប់រដូវកាល។ ពានរង្វាន់ទាំងនេះ ជាក្ដីស្រមៃរបស់កីឡាករខ្លះៗ ប៉ុន្តែខ្ញុំគ្រាន់តែចង់រកគ្រាប់ និងជួយក្រុមឈ្នះពាន។ បើអាចឈ្នះពានរង្វាន់ផ្ទាល់ខ្លួន ពួកវាគ្រាន់តែជាពានរង្វាន់បន្ថែមធំ១ប៉ុណ្ណោះ”៕