Jose Mourinho អ្នកចាត់ការក្រុម Chelsea ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA សម្រេចពិន័យមិនឲ្យចូលកាន់ទីលាន១ប្រកួត និងពិន័យជាប្រាក់៤ម៉ឺនផោន (ជាង៦ម៉ឺនដុល្លារ)។
ការពិន័យខាងលើនេះ គឺបន្ទាប់ពីលោក Mourinho បានប្រើប្រាស់ភាសា និងបញ្ចេញឥរិយាបថ មិនសមរម្យដាក់មន្ត្រីអាជ្ញាកណ្ដាល កាលតោខៀវ ប្រកួតចាញ់ West Ham ២-១ ថ្ងៃទី២៤ ខែតុលា។ បុរសសញ្ជាតិព័រទុយហ្គាល់វ័យ៥២ឆ្នាំ ត្រូវបានអាជ្ញាកណ្ដាល បណ្ដេញចេញពីបន្ទាត់ទី បន្ទាប់ពីស្ដីឲ្យអាជ្ញាកណ្ដាល Jon Moss ដល់ក្នុងបន្ទប់ នៅម៉ោងសម្រាកតង់ទី១។
ដូច្នេះអ្នកចាត់ការរហស្សនាម “Special One” នឹងត្រូវអវត្តមានពីការប្រកួត ដែល Chelsea នឹងប៉ះ Stoke City នៅ Britannia Stadium ប្រកួត Premier League បន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ជំនួយការ Mourinho លោក Silvino Louro ក៏ FA ចោទប្រកាន់ថា បានប្រើប្រាស់កាយវិការមិនសមរម្យដូចគ្នា កាលប៉ះ West Ham ហើយសហព័ន្ធកំពុងស៊ើបអង្កេតបន្តទៀត។
នេះជាលើកទី២ហើយ សម្រាប់អតីតអ្នកចាត់ការក្រុម Real Madrid នៅរដូវកាលនេះ ដែលត្រូវ FA ពិន័យ បន្ទាប់ពីលើកមុន ត្រូវពិន័យមិនឲ្យចូលទីលាន១ប្រកួត និងពិន័យប្រាក់អស់៥ម៉ឺនផោនដែរ រឿងរិះគន់អាជ្ញាកណ្ដាល កាល Chelsea ប្រកួតចាញ់ Southampton ៣-១ ថ្ងៃទី៣ ខែតុលា៕