តារា ក្បាច់គុនហុងកុង Donnie Yen (កុំ កុំ) ត្រូវបានគេទទួលស្គាល់ថា ជាតារាដែលមានអត្តចរិតធ្វើការល្អក្នុងអាជីពសម្ដែង។ យ៉ាងណាក្ដី Donnie Yen ធ្លាប់បាននិយាយថា បន្ទាប់ពីរៀបការជាមួយប្រពន្ធរបស់លោក Cecilia Wang អស់រយៈពេល១២ឆ្នាំ គាត់បានបដិសេធចោលទាំងអស់ គ្រប់រឿងដែលតម្រូវឲ្យលោកថតឈុតលើគ្រែ ព្រោះជៀសវាងប្រពន្ធអន់ចិត្ត។
ដោយសារតែពាក្យសម្ដីមួយឃ្លានេះហើយ ធ្វើឲ្យមតិមួយចំនួនគិតមកលើលោកថា មិនមែនជាអ្នកសម្ដែងអាជីព និងវាយឫក។ ចំពោះតារាប្រុសវ័យ៥២ឆ្នាំរូបនេះអាចនិយាយបានថា ស្ទើរតែគ្មានរឿងអាស្រូវ ចាប់តាំងពីលោកឈានជើងចូលសិល្បៈ។
កុំ កុំ តែងទទូចទៅគ្រប់ផលិតកម្មណាដែលចង់បានលោកទៅសម្ដែងថា មិនព្រមថតឈុតលើគ្រែ និងស្និទ្ធស្នាលជាមួយតារាស្រីដ៏ទៃឡើយ។ លោកធ្វើបែបនេះ ព្រោះមិនចង់ឲ្យប្រពន្ធនាង Cecilia ដែលមានអាយុក្មេងជាងខ្លួន ២០ឆ្នាំអាក់អន់ចិត្តឡើយ។
ក្នុងរឿង “Ip Man” ដែលបញ្ចាំងក្នុងឆ្នាំ២០០៨ មានឈុតមួយ Donnieនិយាយពាក្យស្លោកមួយឃ្លាសម្រាប់ប្រពន្ធថា៖ “គ្មានបុរសណាម្នាក់នៅលើផែនដីខ្លាចប្រពន្ធរបស់ខ្លួនទេ តែពួកគេគោរពប្រពន្ធរបស់ខ្លួន”។
Donnie និងCecilia បានរៀបមង្គលការជាមួយគ្នា កាលពីឆ្នាំ២០០៣ បន្ទាប់ពីបានយល់ចិត្តគ្នាអស់រយៈពេល៣ខែ។ ក្នុងឆ្នាំ២០០៤ ពួកគេទទួលបានកូនស្រីម្នាក់ឈ្មោះ Jasmine និងឆ្នាំ ២០០៧ អ្នកទាំងពីរ កើតបានកូនប្រុសម្នាក់ទៀតឈ្មោះថា James។ Donnie បានបន្ថែមជាចុងក្រោយថា៖ “ខ្ញុំមិនចង់ឲ្យកូនៗរបស់ខ្ញុំឃើញឪពុករបស់គេសម្ដែងឈុតលើគ្រែ ជាមួយស្រីដ៏ទៃទេ ពេលដែលពូកគេធំឡើង”៕