ទី បំផុត ក្រោយតស៊ូអស់ពេលជាច្រើនខែក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភព លោក Cambodian Idol បេក្ខជនមកពីខេត្តកំពង់ធំ នី រតនា បានឈ្នះជយលាភីពីកម្មវិធីនេះហើយ។ នៅមុនដល់វេលាប្រកាសលទ្ធផល បេក្ខជនទាំងបី គឺ សៅ ឧត្តម បេក្ខជនមកពីខេត្តស្វាយរៀង ម៉ៅ ហាជី បាត់ដំបង និង នី រតនា មកពីខេត្តកំពង់ធំ ត្រូវបានតម្រូវឲ្យបកស្រាយបទចម្រៀងចំនួន៤ជុំ ស្មើនឹង៤បទរៀងខ្លួន។
ជុំទី១ កម្មវិធីតម្រូវឲ្យពួកគេបកស្រាយបទពាក់ព័ន្ធនឹងខេត្តរបស់ពួកគេ មុនបន្តទៅវគ្គបន្តបន្ទាប់ទៀត។ជាលទ្ធផល រតនា បានយកឈ្នះតាមរយៈការបោះឆ្នោតគាំទ្រដោយមហាជន។
ជាម្ចាស់ជយលាភី នី រតនា ទទួលបានប្រាក់រង្វាន់ពីកម្មវិធី ១០០លានរៀល រង្វាន់ពីម្ចាស់ឧត្ថម្ភកម្មវិធី ខារ៉ាបាវ ២៥០០ដុល្លារ និងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មហង្សមាសទៀតផង។ ដោយឡែក បេក្ខជនពីររូបទៀត សៅ ឧត្តម និង ម៉ៅ ហាជីទទួលបានប្រាក់រង្វាន់ពីអគ្គនាយកទូរទស្សន៍ហង្សមាសលោក អ៊ឹង សុងងួន ១០០០ដុល្លារក្នុងម្នាក់ និងរង្វាន់ពីម្ចាស់ឧបត្ថម្ភកម្មវិធី ខារ៉ាបាវ ២០០០ដុល្លារសហរដ្ឋអាមេរិក៕