Sergio Ramos ខ្សែការពារក្រុម Real Madrid បានលើកឡើងថា គ្មានកីឡាករក្រុមស្ដេចសណាម្នាក់ បន្ទោស ឬដាក់កំហុសដល់អ្នកចាត់ការ Rafa Benitez ទេ បន្ទាប់ពីចាញ់ Barcelona យ៉ាងអាម៉ាស់ក្នុងទឹកដីខ្លួនឯងដល់ទៅ ៤-០ កាលពីយប់ថ្ងៃសៅរ៍។
Rafa Benitez អ្នកចាត់ការ Real Madrid
ប្រធានក្រុមស្ដេចស Ramos បានត្រឡប់ពីរបួសស្មា និងបានចូលលេងក្នុងប្រកួត El Clasico ទាន់ពេលដែរ ប៉ុន្តែនៅតែមិនអាចជួយឲ្យក្រុមបិទការស៊ុតរបស់តារាឆ្នើម ក្រុមអ្នកមានបុណ្យ នៅកីឡដ្ឋាន Bernabeu បាន។ ចំណែកឯអ្នកចាត់ការ Benitez បានក្លាយជាបុគ្គល ដែលអ្នកគាំទ្ររិះគន់ច្រើន និងអាចប៉ះពាល់ដល់តំណែងផងដែរ ក្រោយបរាជ័យនេះ។
“ខ្ញុំមិនចូលចិត្តដាក់កំហុស ឬបន្ទោសនរណាទេ។ ពេលអ្វីៗមិនបានល្អ នោះជាពេលដែលយើងត្រូវរួបរួមគ្នា។ ឥឡូវយើងត្រូវបើកទំព័រថ្មី និងគិតពីប្រកួតបន្ទាប់។ វាជាភាពល្ងីល្ងើ បើអ្នកមិនមានជំនឿលើអ្នកចាត់ការខ្លួនឯង។ យើងត្រូវតែរួបរួមទាំងអស់គ្នា ទាំងប្រធានក្លិប និងគ្រូបង្វឹក។ យើងមានអារម្មណ៍មិនស្រួលទេ ពេលលេងទល់នឹង Barca ដែលពួកគេលេងបានយ៉ាងល្អ”។ Ramos បាននិយាយ។
Real បានចាញ់២ប្រកួតហើយ នៅ La Liga ខែវិច្ឆិកានេះ បន្ទាប់ពីប្រកួតមុនការសម្រាកអន្តរជាតិចាញ់ Sevilla ៣-២ ដែរ ហើយពេលនេះ ពួកគេបានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ៣ មាន២៤ពិន្ទុ ដោយចាញ់ក្រុមកំពូលតារាង Barca ៦ពិន្ទុ និងចាញ់ក្រុមលេខ២ Atletico Madrid ២ពិន្ទុផងដែរ៕