ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយក្រុមកីឡាករអាហ្វ្រិកប្រកបអាជីពបាល់ ទាត់នៅកម្ពុជា( African All Star ) នៅវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះនៅពហុកីឡដ្ឋានជាតិ ដែលការប្រកួតនេះបើកឲ្យអ្នកគាំទ្របាល់ទាត់ទាំងអស់ចូលមើលដោយ សេរី និងមិនមានផ្សាយតាមទូរទស្សន៍ណាមួយឡើយ។
ក្រុមជម្រើសជាតិកម្ពុជា
លោក ឆាំង ពិសិទ្ធ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពនាថ្ងៃស្អែកនេះ ដើម្បីត្រៀមខ្លួនចេញទៅប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកវគ្គ ជម្រុះប្រចាំតំបន់អាស៊ីជុំទី២ ជើងទី២ ជាមួយប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រកួតមិត្តភាពនេះក្នុងគោលបំណងធ្វើតេស្តកីឡាករ ដើម្បីរៀបចំទម្រង់លេងឲ្យបានស៊ីចង្វាក់គ្នាពេលជួប អាហ្វហ្គានីស្ថាននាពេលខាងមុខ។
ក្រុម African All Stars
លោកបន្ថែមថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកឲ្យអ្នកគាំទ្រទាំងអស់មើលដោយ គ្មានការលក់សំបុត្រឡើយ ប៉ុន្តែលោកក៏សូមសំណូមពរឲ្យប្រជាជនដែលស្រលាញ់វិស័យកីឡាបាល់ទាត់ ទាំងអស់មេត្តាមកចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចំរើន កាន់តែច្រើនឡើង៕