ក្រុម តោខៀវ Chelsea បានយកឈ្នះលើក្រុមអ៊ុយក្រែន Dynamo Kiev ២-១ នៅចុងម៉ោង ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល G យប់មិញ និងជួយឲ្យអ្នកចាត់ការ Jose Mourinho ធូរស្បើយពីសម្ពាធឡើងវិញ។
Mourinho បានរងសម្ពាធយ៉ាងខ្លាំង ហើយមានមតិខ្លះថា បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងអាចអស់តំណែងទៀតផង បើនៅតែដឹកនាំក្រុមមិនបានល្អ ខណៈដែលតោខៀវបច្ចុប្បន្នស្ថិតនៅលេខ១៥ ក្នុងតារាង Premier League។
ប៉ុន្តែសម្រាប់ការប្រកួតនៅ Stamford Bridge យប់មិញ តោខៀវ បាននាំមុខ ១-០ មុននៅតង់ទី១ បន្ទាប់ពីកីឡាករ Aleksandar Dragovic បានធ្វើឲ្យចូលទីខ្លួនឯងនៅនាទី៣៤។ ចូលដល់តង់ទី២ ខ្សែការពាររូបនេះដដែល បានរកគ្រាប់តាមស្មើ ១-១ ឲ្យ Dynamo Kiev វិញនៅនាទី៧៧ ប៉ុន្តែ Willian បានស៊ុតហ្វ្រីឃីតពីចម្ងាយចូលទីយ៉ាងអស្ចារ្យនៅចុងម៉ោងនាទី៨៣ ជួយឲ្យតោខៀវបាន៣ពិន្ទុពេញ។
ជ័យជម្នះនេះ បានជួយឲ្យ Chelsea ឡើងទៅឈរនៅលេខ២ ក្នុងពូល G មាន៧ពិន្ទុ ដោយតាមពីក្រោយក្រុមលេខ១ Porto ៣ពិន្ទុ និងលើក្រុមលេខ២ Dynamo Kiev ២ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖