អតីត បេក្ខភាពកម្មវិធី The Cambodian Idol ទីបំផុតរកទ្រនំបានហើយ ដោយលោកបានទៅចូលរួមជាមួយនឹងផលិតកម្ម ថោន ដោយបានចុះកុងត្រាជាមួយផលិតកម្មនេះរយៈពេល ៥ឆ្នាំ។ ដំណឹងនេះ បញ្ចេញដោយផលិតកម្ម ថោន តែម្ដង។
នៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនប៉ុន្មាននាទីមុននេះ ថោន បានប្រកាសថា “ម៉ៅ ហាជី បានក្លាយជាតារាចម្រៀងពេញសិទ្ធិរបស់ផលិតកម្ម ថោន ហើយ នេះជាការសម្រេចចិត្តជ្រើសរើសរបស់គាត់ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវ “។
ប្រិយមិត្តជាច្រើនបានសាទរនឹងដំណឹងនេះ ព្រោះតែពួកគេយល់ថា ជាអ្វីដែលបេក្ខជនរូបនេះសមនឹងទទួលបាន។ បន្ថែមពីលើនេះ ពួកគេបានជូនពរអោយអ្នកចម្រៀងមកពីខេត្តបាត់ដំបងមួយរូបនេះជួប ជោគជ័យលើអាជីព។
យ៉ាងណាក៏ដោយ សាមីខ្លួន ម៉ៅ ហាជី មិនទាន់អាចសុំការអធិប្បាយបានទេនៅព្រឹកថ្ងៃទី ២១ វិច្ឆិកានេះ ដោយទូរសព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន៕