ការ ប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League កាលពីយប់មិញ ក្រុមខ្លាំងៗទាំង៤គឺ Barcelona, Bayern München ,Chelsea ,Arsenal សុទ្ធតែធ្វើបានល្អ ក្រោយបំបាក់គូប្រកួតក្នុងលទ្ធផលច្រើនៗ។
ក្រុម Barcelona នៅតែបន្តឈរកំពូលតារាងក្រោយលត់លេខ២ក្រុម AS Roma លទ្ធផល ៦-១។ ៦គ្រាប់របស់ក្រុមអ្នកមានបុណ្យធ្វើបានដោយ Lionel Messi ២ គ្រាប់នាទី១៨និង៦០ ចំណែកឯ Luis Suarez រកបាន២គ្រាប់ដូចគ្នានាទី ១៥និង៤៤ ហើយ២គ្រាប់ទៀតស៊ុតដោយខ្សែការពារទាំង២គឺ Gerard Pique និង Adriano នាទី៥៦និង៧៧។ ក្រុមភ្ញៀវសងបាន១គ្រាប់វិញនាទី៩០ធ្វើបានដោយខ្សែប្រយុទ្ធ Edin Dzeko ។
រីឯក្រុមអង់គ្លេស Arsenal បន្តក្ដីសង្ឃឹមឡើងទៅវគ្គ១៦ចុងក្រោយបន្ទាប់ពីយកឈ្នះលើក្រុម Dinamo Zagreb ក្នុងលទ្ធផល ៣-០ក្នុងពូល F។ Mesut Ozil ជាអ្នករកគ្រាប់ដំបូងឲ្យក្រុមកាំភ្លើងធំ នាទី២៩ ហើយ Alexis Sanchez ក៏ថែមបាន២គ្រាប់ទៀតនៅនាទី៣៣និង៦៩។ ជ័យជំនះនេះធ្វើឲ្យ Arsenalមាន៦ពិន្ទុតាមពីក្រោយក្រុមលេខ២ Olympiacos ៣ពិន្ទុ។
បន្តចាប់អារម្មណ៍ក្នុងពូល Fដដែល ក្រុមកំពូលតារាង Bayern München បានបំបាក់ក្រុម Olympiacoដោយលទ្ធផល ៤-០ក្នុងដីខ្លួនឯង។ ៤គ្រាប់របស់ក្រុមជើងឯកអាល្លឺម៉ង់ធ្វើបានដោយកីឡាករ៤នាក់ផ្សេង គ្នាគឺ Douglas Costa , Robert Lewandowski , Thomas Mueller និងKingsley Coman ក្នុងនាទី ៨, ១៦,២០និង៦៩។
ចំណែកក្រុមតោខៀវChelsea បានហក់ឡើងទៅឈរលេខ១វិញលើក្រុម Porto ក្រោយឈ្នះធំធេងក្រៅដីលើក្រុម Maccabi Tel Aviv លទ្ធផល ៤-០។ គ្រាប់ទី១រកបានដោយខ្សែការពារGary Cahill នាទី២០ គ្រាប់ទី២ស៊ុតដោយ Willian នាទី៧៣ គ្រាប់ទី៣ធ្វើបានដោយ Oscar នាទី៧៧និង ខ្សែការពារKurt Zouma ជាអ្នករកបានគ្រាប់ទី៤នាទី៩០។