ខ្សែ ប្រយុទ្ធ Wayne Rooney តែតនៅនាទី៧៩ ជួយឲ្យក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុមរុស្សី CSKA Moscow ១-០ នៅ Old Trafford ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុយប់មិញ និងជួយឲ្យ Man Utd ឡើងឈរកំពូលតារាងពូល B។
១គ្រាប់ នៃការតែតរបស់ Rooney នេះ គឺជាគ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ក្នុងរយៈពេល៤០៤នាទីនៅលើទីលាន បន្ទាប់ពីស្មើ ០-០ ៣ប្រកួតមុន។ យ៉ាងណា លទ្ធផលនេះបានជួយឲ្យបិសាចក្រហម កក់ក្ដៅគ្រាន់ហើយ ដើម្បីបន្តសង្ឃឹមឡើងវគ្គ១៦ក្រុមបន្ត ខណៈដែលសល់២ប្រកួតក្នុងដៃទៀត។
ចំណែកឯក្រុមមេឃខៀវ Manchester City វិញ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយ បន្ទាប់ពីបំបាក់ Sevilla ដល់ក្នុងដីនៅប្រទេសអេស្ប៉ាញ ៣-១។ ៣គ្រាប់របស់ Man City គឺរកបានដោយ Raheem Sterling នាទី៨, Fernandinho នាទី១១ និង Wilfried Bony នាទី៣៦ ខណៈដែល Benoit Tremoulinas តែតឲ្យម្ចាស់ផ្ទះ១គ្រាប់ នៅនាទី២៥។
ពូល D នេះ Sevilla ក៏នៅមានឱកាសតាមពិន្ទុស្មើក្រុម Man City ដែរ ប្រសិនបើឈ្នះ២ប្រកួតចុងក្រោយ ហើយ Man City ចាញ់ទាំង២ប្រកួត ប៉ុន្តែដោយសារ គេគិត head-to-head ហើយ Sevilla បានចាញ់មេឃខៀវ ទាំង២ជើងរួចហើយ ដូច្នេះទើប Man City អាចជាប់ទៅវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិ បើទោះជាក្នុងករណី Sevilla តាមស្មើពិន្ទុក៏ដោយ។