Cristiano Ronaldo បានបង្ហើបថាខ្លួនអាចនឹងចាកចេញពី Real Madrid នៅថ្ងៃណាមួយ ដែលធ្វើឲ្យគេយល់ឃើញថាតារាឆ្នើមរូបនេះ អាចនឹងវិលត្រឡប់ទៅក្រុមចាស់ Manchester United វិញ។
កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់និយាយកាលទទួលស្បែកជើងមាសលើកទី៤ នៅដើមរដូវកាលនេះថា រូបគេចង់លេងឲ្យ Real រហូតដល់វ័យ៤០ឆ្នាំ។ ប៉ុន្តែអតីត Super Star របស់ក្រុមបិសាចក្រហមរូបនេះ ក៏បានលើកឡើង កាលពីពេលថ្មីៗនេះផងដែរថាខ្លួននឹងអាចចាកចេញទៅក្លិបផ្សេងដែរ។
“ចាកចេញពី Real នៅថ្ងៃណាមួយ? ហេតុអ្វីមិនអាច! ឥឡូវខ្ញុំកំពុងលេងឲ្យ Real ប៉ុន្តែអ្នកមិនអាចដឹងទេពីអនាគត។ អ្នកត្រូវតែធ្វើអ្វី ដែលធ្វើឲ្យអ្នករីករាយ។ មានអ្វីកើតឡើងនៅថ្ងៃស្អែក? គ្មាននរណាម្នាក់ដឹងឡើយ”។ កីឡាករវ័យ៣០ឆ្នាំ បានប្រាប់ដល់ Kicker។
កាលពីប៉ុន្មានថ្ងៃមុន Patrice Evra អតីតខ្សែការពារក្រុម Man Utd ក៏បានបង្ហើបប្រាប់ឲ្យដឹងផងដែរថា Sir Alex Ferguson អតីតអ្នកចាត់ការក្រុមបិសាចក្រហម ធ្លាប់ប្រាប់ដល់ខ្លួនថា ក្លិបជឿថា Cristiano Ronaldo នឹងវិលត្រឡប់ទៅកីឡដ្ឋាន Old Trafford វិញ ៩៩% ហើយអតីតអ្នកចាត់ការល្បីរូបនោះ បាននិយាយ នៅមុនពេលលោកប្រកាសចូលនិវត្តន៍១សប្ដាហ៍៕