ការ ប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League វគ្គសន្សំពិន្ទុតាមពូល បានត្រឡប់មកវិញនៅរាត្រីនេះ។ ប៉ុន្តែប្រិយមិត្តធ្លាប់ដឹងទេថា តើមានក្រុមណាខ្លះ ដែលមានប្រវត្តិឈ្នះគ្រប់ការប្រកួតទាំងអស់ ឬឈ្នះទាំង៦ប្រកួត ក្នុងវគ្គនេះ? ចង់ដឹងច្បាស់ សូមទស្សនា៥ក្រុមខាងក្រោម៖
៥. AC Milan – ១៩៩២/៩៣៖
ក្រុមដំបូងគេ ដែលធ្លាប់ឈ្នះគ្រប់ការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូលគឺ AC Milan ដែលធ្វើបាននៅរដូវកាល១៩៩២/៩៣ និងដឹកនាំដោយលោក Fabio Capello។ នៅរដូវកាលនោះអតីតក្រុមជើងឯកអ៊ីតាលី Serie A មួយនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែត្រូវចាញ់ក្រុមបារាំង Olympique Marseille ១-០។
៤. Paris Saint-Germain – ១៩៩៤/៩៥៖
PSG គឺជាក្រុមទី២ ដែលមានកំណត់ត្រាឈ្នះ១០០% នៅវគ្គសន្សំពិន្ទុតាមពូល នៅរដូវកាល១៩៩៤/៩៥ ដែលដឹកនាំដោយលោក George Weah។ ក្រុមអ្នកមានរបស់បារាំងមួយនេះ បានបំបាក់ទាំងក្រុម Spartak Moscow, Dynamo Kiev និងក្រុមយក្សអាល្លឺម៉ង់ Bayern Munich។ ប៉ុន្តែពួកគេបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយចាញ់ AC Milan ៣-០។
៣. Spartak Moscow – ១៩៩៥/៩៦៖
ក្រុមខ្លាំងរុស្សី Spartak Moscow ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែន នៅរដូវកាល១៩៩៥/៩៦ ដោយឈ្នះគ្រប់ការប្រកួតនៅវគ្គសន្សំពិន្ទុតាមពូល UEFA Champions League បូករួមទាំងឈ្នះក្រុមអង់គ្លេស Blackburn Rovers ផងដែរ។ ប៉ុន្តែ Spartak បានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមបារាំង Nantes សរុបទាំង២ជើង ៤-២។
២. Barcelona – ២០០២/០៣៖
ក្រុមយក្សរបស់អេស្ប៉ាញ FC Barcelona ធ្វើបានយ៉ាងល្អឥតខ្ចោះ នៅវគ្គសន្សំពិន្ទុតាមពូល UEFA Champions League រដូវកាល២០០២/០៣ បំបាក់ក្រុម Lokomotiv Moscow, Club Brugge និង Galatasaray ទាំងទៅទាំងមក។ ប៉ុន្តែអ្នកមានបុណ្យ បានធ្លាក់នៅវគ្គខ្វែង៨ក្រុមចុងក្រោយវិញ បន្ទាប់ពីចាញ់ Juventus សរុបទាំង២ជើង ៣-២។
១. Real Madrid – ២០១១/១២ និង ២០១៤/១៥៖
ក្រុមជោគជ័យជាងគេបំផុត Real ជាក្រុមដំបូងគេ ដែលបំបែកកំណត់ត្រាឈ្នះនៅវគ្គសន្សំពិន្ទុតាមពូល១០០% ២ដង។ រដូវកាល ២០១១/១២ Real បានយកឈ្នះលើក្រុមនៅក្នុងពូលជាមួយ Lyon, Ajax និង Dinamo Zagreb តែស្ដេចស បានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់បាល់ប៉េណាល់ទីកាត់សេចក្ដីក្រុម Bayern Munich ៣-១។
រីឯនៅរដូវកាល២០១៤/១៥ កន្លងទៅ Real បានយកឈ្នះលើក្រុមក្នុងពូលជាមួយគ្នាទាំងអស់ FC Basel, Liverpool និង Ludogorets ប៉ុន្តែក្រុមយក្សអេស្ប៉ាញមួយនេះ បានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់ Juventus សរុបទាំង២ជើង ៣-២៕