ខ្សែ ប្រយុទ្ធ Diego Costa បានបង្ហាញអាកប្បកិរិយាមិនសមរម្យនោះទេក្នុងការប្រកួតកាលពីល្ងាច មិញនេះ ដោយបដិសេធមិនព្រមកម្ដៅសាច់ដុំជាមួយមិត្តរួមក្រុមមុនការប្រកួត កប់អាវក្រៅដាក់អ្នកចាត់ការ Jose Mourinho ហើយថែមទាំងទៅញ៉ាំអាហារតែម្នាក់ឯងនៅលើឡានក្រុងទៀតផង បន្ទាប់ពីដឹងថាខ្លួនមិនបានជាប់ជម្រើស១១នាក់ដំបូង។
អតីតខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid ត្រូវបានលោក Jose Mourinho មិនដាក់ឱ្យលេងជម្រើស១១នាក់ដំបូងនោះទេក្នុងការប្រកួតដែល Chelsea ស្មើជាមួយ Spurs ០-០ បន្ទាប់ពីកីឡាកររូបនេះធ្លាក់ទម្រង់លេងខ្លាំងចាប់តាំងពីបើក រដូវកាលមក ពោលគឺ១០ប្រកួតរូបគេរកបានតែ១គ្រាប់គត់ក្នុងនាមជាខ្សែ ប្រយុទ្ធស្នូលរបស់ក្រុម។
កាយវិការខឹងសម្បារបស់ Costa ត្រូវបានគេឃើញគ្រប់គ្នានៅពេលដែលរូបគេមិនព្រមទៅកម្ដៅសាច់ដុំ ជាមួយកីឡាករដទៃទៀតនោះទេ ដោយរូបគេទៅរត់ហាត់តែម្នាក់ឯងដាច់ពីគេ។ លើសពីនេះទៅទៀត អំឡុងពេលប្រកួតនៅតង់ទី២ ពេល Mourinho ហៅគេឱ្យដូរចូល រូបគេហាក់ធ្វើព្រងើយមិនចង់ប្រកួតនោះទេ ទើបអតីតអ្នកចាត់ការក្រុម Real Madrid បានហៅកីឡាករ Ruben Loftus-Cheek ជំនួសការយឺតយ៉ាវរបស់គេវិញ ដែលបណ្ដាលឱ្យ Costa ខឹង រហូតដល់ដោះអាវក្រៅគប់ដាក់មុខ Mourinho ហើយថែមទាំងដើរចេញពីទីលានមុនគេ ទៅញ៉ាំអាហារនៅលើឡានក្រុងតែម្នាក់ឯងទៅវិញ។
តែទោះជាយ៉ាងណាក្ដី អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបានបញ្ជាក់ចំពោះកាយវិការ របស់ Costa ថារូបគេមិនមានបញ្ហាអ្វីនោះទេ ហើយប្រសិនបើកីឡាកររូបនេះចង់ធ្វើបាបលោកនោះ គឺមិនមែនត្រឹមតែគប់អាវក្រៅនេះទេ៕