ហេតុ ការណ៍ប៉ះទង្គិចគ្នារវាងប៉ូលិស និងភេរវករកាលពីម្សិលមិញបានបញ្ចប់ទៅហើយ ក្នុងនោះភេរវករពីរនាក់បានស្លាប់ ហើយមនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួន។ ដោយឡែកភេរវករ Abdelhamid Abaaoud មេក្លោងនៅពីក្រោយការបាញ់រះក្នុងទីក្រុងប៉ារីស និងជាមុខសញ្ញាតាមប្រមាញ់ពីប៉ូលិស មិនទាន់មានសេចក្ដីរាយការណ៍ថាបានស្លាប់ក្នុងចំណោមភេរវជនពីរ នាក់ខាងលើ ឬយ៉ាងណានោះទេ។
លោករដ្ឋអាជ្ញា Francois Molins មិនទាន់អាចបញ្ជាក់ថាភេរវករ Abdelhamid Abaaoud បានស្លាប់ក្នុងចំណោមភេរវករពីរនាក់ដែលម្នាក់ជាស្រ្តីពាក់អាវ បំផ្ទុះគ្រាប់បែកនោះទេ ព្រោះមិនទាន់បានកំណត់អត្តសញ្ញាណច្បាស់។ ជាមួយគ្នានេះ លោក Molins បានបង្ហាញថា ភេរវជន Abdelhamid Abaaoud និង Salah Abdeslam ដែលស្ថិតក្រោមការតាមចាប់ពីប៉ូលិស គឺមិននៅក្នុងចំណោមមនុស្សដែលប៉ូលិសបានចាប់ខ្លួននោះទេ។
មន្ត្រីប៉ូលិស និងកងកម្លាំងពិសេសបានចាប់ផ្ដើមប្រតិបត្តិការវាយឆ្មក់កាលពី វេលាម៉ោង ៤:២៥នាទីយប់ទៀបភ្លឺម្សិលមិញ (ម៉ោងក្នុងស្រុក) ក្នុងផ្ទះល្វែងនៅសង្កាត់ Saint Denis ដោយជឿថា ភេរវជន Abdelhamid Abaaoud សម្ងំលាក់ខ្លួននៅទីនោះ។ ចំណែកភេរវករស្រី ដែលបានបំផ្ទុះអាវគ្រាប់បែកអត្តឃាតខ្លួនឯងស្លាប់ តាមសេចក្ដីរាយការណ៍គឺជាបងប្អូនជីដូនមួយស្រី របស់ភេរវជន Abdelhamid Abaaoud ឈ្មោះ Hasna Aitboulahcen អាយុ២៦ឆ្នាំ។
ក្នុងប្រតិបត្តិការតាមប្រមាញ់ភេរវជនខាងលើ មន្ត្រីប៉ូលិស៥នាក់បានរងរបួសស្រាល និងសុនខរបស់ប៉ូលិសមួយក្បាលបានងាប់។
យោងតាមប្រភពពីមន្ត្រីសន្តិសុខបានអះអាងថា ក្រុមភេរវជនទាំងនោះគឺជា ក្រុមទី៤នៃបណ្ដាញ ISIS ត្រៀមរៀបចំដើម្បីវាយប្រហារទីក្រុងប៉ារីស នៅព្រលានយន្តហោះ និងហាងលក់ទំនិញនាពេលខាងមុខ។ មកទល់ពេលនេះកងកម្លាំងទាហានជាច្រើននាក់បានពង្រាយគ្នាយាម ល្បាតតឹងរឹងនៅទីកន្លែងជាច្រើន៕
កម្លាំងទាហានយាមល្បាតនៅស្ថានីយមេត្រូនៃព្រលានយន្តហោះ Charles de Gaulle និងហាងលក់ទំនិញ Quatre Temps ក្នុងសង្កាត់ពាណិជ្ជកម្ម Le Défense