ខ្សែប្រយុទ្ធ អន្តរជាតិអ៊ុយរុយហ្គាយ Edinson Cavani អាចនឹងផ្ទេរទៅកាន់ Stamford Bridge នាពេលទីផ្សារដោះដូរកីឡាករបើកខែមករាខាងមុខនេះ បន្ទាប់ពីគេមានការភ័យខ្លាចលែងចង់ប្រកបអាជីពនៅក្លិប Paris St-Germain ក្រោយកើតហេតុការណ៍ភេរវកម្ម។
ប្រភពពី Don Balon បានឲ្យដឹងថាកីឡាករវ័យ២៨ឆ្នាំ កំពុងត្រូវលោក Jose Mourinho ចាប់អារម្មណ៍ ហើយអាចនឹងទិញក្នុងតម្លៃ២៩លានផោន។ ចំនួននេះគឺឃ្លាតគ្នាឆ្ងាយបើធៀបនឹងថ្លៃដែល PSG ទិញកាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៥៥លានផោន។
Cavani បង្ហាញទម្រង់លេងល្អគួរសមនៅរដូវកាលថ្មី ក្រោយស៊ុតបាន ៧គ្រាប់នៅ Ligue 1 ដែលសរុបទាំងអស់គេស៊ុតបាន ៦៥គ្រាប់ហើយ ក្នុងចំណោមការលេង១១៣ប្រកួតឲ្យក្រុមជើងឯកចាស់ក្របខ័ណ្ឌកំពូលរបស់ បារាំង។
តោខៀវ Chelsea គ្រោងនឹងធ្វើការរុះរើក្រុមទ្រង់ទ្រាយធំមួយបន្ទាប់ពីចាប់ផ្តើម រដូវកាលយ៉ាងត្រដាបត្រដួស ក្នុងនោះក្លិបចង់លក់ Oscar ឲ្យទៅ Juventus ក្នុងតម្លៃ២៨លានផោនដើម្បីស្តារស្ថានភាពហិរញ្ញវត្ថុខ្លះមកវិញ ហើយកីឡាករ ៣រូបផ្សេងទៀតមាន Pedro, Falcao និងDiego Costa ក៏អាចនឹងចេញ នៅខែមករានេះផងដែរ៕