Cristiano Ronaldo បានលើកហេតុផលមួយចំនួនដែលគិតថាខ្លួននៅតែមានសមត្ថភាពល្អជាង Lionel Messi ដដែល ពោលគឺមិនមែនឱ្យតែជួយក្លិបឈ្នះពានរង្វាន់គឺអាចចាត់ទុកថាជា កីឡាករល្អបំផុតនោះទេ។
កីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅក្លិប Real Madrid បាននិយាយទៅកាសែត El Pais របស់អេស្ប៉ាញតាំងពីខែសីហាមកម៉្លេះ ប៉ុន្តែទើបតែត្រូវគេយកមកបកប្រែកាលពីពេលថ្មីៗនេះ។ ដោយគ្រានោះ ខ្សែប្រយុទ្ធជើងស៊ុតរូបនេះ បានលើកហេតុផលបញ្ជាក់ថាខ្លួនគេនៅតែល្អជាង Messi ដដែល បើទោះបីជារដូវកាលមុនមិនបានជួយក្រុមលើកពានក៏ដោយ។
អត្ថន័យនៃឯកសារដែលត្រូវបានគេយកមកបកប្រែនោះគឺ៖ “វាមិនមែនជារឿងអំពល់ទុក្ខចំពោះខ្ញុំទេ។ ប្រសិនបើអ្នកក្រឡេកទៅមើលអតីតកាល៨ឆ្នាំរបស់ខ្ញុំ ខ្ញុំតែងតែឡើងដល់ចំណុចកំពូលជានិច្ច ហើយនោះជារឿងពិបាកដែរ។ អ្នកអាចឱ្យឈ្មោះមកខ្ញុំបានថានរណាដែលអាចធ្វើដូច្នេះបាន? លេខ១ឬលេខ២ គឺគ្រាន់តែជាប្រធានបទតូចដែលត្រូវបកស្រាយប៉ុណ្ណោះ ដូចកាលដែលឈ្នះពានរង្វាន់ឬអត់អីចឹង។ សម្រាប់អ្នក ប្រហែលជាគិតថា Messi ល្អបំផុត ។ តែក្នុងចិត្តរបស់ខ្ញុំ ខ្ញុំគឺល្អជាងគេ ។ នេះជាហេតុផល ធ្វើឱ្យខ្ញុំអាចសម្រេចបានរឿងជាច្រើន ក្នុងអាជីពរបស់ខ្ញុំ។ វាជារឿងពិបាកណាស់សម្រាប់ខ្ញុំដែលត្រូវមើល Messi លើកពាន Ballon dÓrs ច្រើនដង។ ខ្ញុំគួរតែគិតថាហេតុអ្វី ខ្ញុំត្រូវទៅកម្មវិធីអបអរនោះ?”។
ជាក់ស្ដែងទៅ ក្នុងឆ្នាំនេះមិត្តអ្នកអានរបស់កាសែតដ៏ល្បីអេស្ប៉ាញ Marca បានបោះឆ្នោតថា Ronaldo មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ Top 3 ដណ្ដើមពានរង្វាន់ Ballon d’Or នោះទេ ខណៈដែល៣នាក់ដែលគេជ្រើសរើសនោះគឺ Messi , Neymar និង Luis Suarez ដែលសុទ្ធតែជាកីឡាកររបស់ Barcelona ៕