អ្នក ប្រដាល់ចិត្តសឿងកម្លាំងបាន កែវ រំចង់ នឹងឡើងសង្វៀន Thai Fight លើកទី៣ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកាខាងមុខនេះ ដោយជួបប្រកួតជាមួយកីឡាករមកពីប្រទេសមីយ៉ាន់ម៉ា។
ទំព័រ Facebook ផ្លូវការរបស់កម្មវិធី Thai Fight ទើបបង្ហោះរូបភាពដៃគូប្រកួតរបស់ កែវ រំចង់ កាលពីប៉ុន្មាននាទីមុននេះ។ កីឡាករជើងខ្លាំងមកពីមីយ៉ាន់ម៉ា Maung Jor នឹងឡើងសង្វៀនជាមួយ កែវ រំចង់ នៅប្រទេសថៃក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។
កែវ រំចង់ បានប្រាប់ Sabay ថា នេះជាការប្រកួតកម្ដៅសាច់ដុំត្រៀមសងសឹកជាមួយជើងខ្លាំងរបស់ថៃ Iquezang Kor Rungthanakeat ថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៥ នេះ បន្ទាប់ពីចាញ់ទាំងមិនអស់ចិត្តកាលពីប៉ុន្មានថ្ងៃមុន។
កែវ រំចង់ និង Iquezang ពេលប្រកួតនៅប្រទេសវៀតណាម
កីឡាករ កែវ រំចង់ ធ្លាប់ឡើងសង្វៀន Thai Fight ២ដងរួចមកហើយ ប៉ុន្តែមិនធ្លាប់ស្គាល់ជ័យជម្នះឡើយ។ លើកទី១ កាលដើមឆ្នាំ២០១៤ កែវ រំចង់ បានសន្លប់ក្រោមដៃ Yudsanklai ក្នុងទឹកទី២។ ចំណែកលើកទី២ ការប្រកួតនៅប្រទេសវៀតណាមជាមួយកីឡាករ Iquezang Kor Rungthanakeat ចាញ់ដោយពិន្ទុកាលពីថ្ងៃ២៤ ខែតុលាកន្លងទៅ៕