កីឡាករ ដែលជាតួអង្គដ៏សំខាន់របស់ក្រុម Chelsea ម្នាក់ បាននិយាយថា ខ្លួនសុខចិត្តលេងធ្វើចាញ់ប្រសើរជាងឈ្នះ ដើម្បីអ្នកចាត់ការ Jose Mourinho។
សេចក្ដីរាយការណ៍នេះ មកពី BBC Radio 5Live របស់អ្នកសារព័ត៌មាន Garry Richardson ដែលត្រូវបានគេជឿថា ទំនាក់ទំនងរវាងកីឡាករតោខៀវ និងអ្នកចាត់ការរហស្សនាម “Special One” កំពុងតែមានបញ្ហាខ្លាំងហើយ។
លោក Richardson បាននិយាយក្នុងកម្មវិធី BBC’s Sportsweek ថា៖ “សូមឲ្យខ្ញុំប្រាប់អ្នកទាំងអស់គ្នា ពីអ្វីដែលខ្ញុំបានដឹងពីក្រុម Chelsea។ ព័ត៌មានរបស់ខ្ញុំ បានមកពីកីឡាករដ៏សំខាន់របស់ក្រុមតោខៀវម្នាក់។ កីឡាករម្នាក់ បាននិយាយកាលពីពេលថ្មីៗនេះថា គេសុខចិត្តចាញ់ ជាជាងឈ្នះសម្រាប់អ្នកចាត់ការ Mourinho”។
យ៉ាងណាកីឡាករម្នាក់ ដែលនិយាយខាងលើនេះ ពុំត្រូវបានគេបញ្ចេញឈ្មោះទេ។ ចំណែកឯលោក Mourinho វិញ កាន់តែមានសម្ពាធខ្លាំងហើយ បន្ទាប់ពី Chelsea ចាញ់ Liverpool ៣-១ នៅ Stamford Bridge កាលពីយប់ថ្ងៃសៅរ៍ទៀត ខណៈដែលតោខៀវ បានឈរនៅចំណាត់ថ្នាក់លេខ១៥ មាន១១ពិន្ទុ ក្រោយប្រកួតបាន១១លើក៕