ជំនួប El Clasico រវាងក្រុមយក្សអេស្ប៉ាញ Real Madrid ទល់នឹង Barcelona គឺជាការប្រកួតមួយ ដែលគេជឿថា ជាការប្រកួតដ៏ធំបំផុតលើលោក និងមានចំនួនចំនួនអ្នកទស្សនាច្រើនបំផុតដាច់គេ គ្រប់ប្រភេទកីឡាទាំងអស់។ សម្រាប់រដូវកាលនេះ ការប្រកួតនឹងមកដល់នៅថ្ងៃសៅរ៍ម៉ោង១២:១៥នាទីយប់ (ថ្ងៃអាទិត្យនៅកម្ពុជា) ចុងសប្ដាហ៍នេះ។
ក្រុមស្ដេចស Real Madrid ធ្លាប់ឈ្នះ៩២ដង ខណៈដែលអ្នកមានបុណ្យ Barca ធ្លាប់ឈ្នះ៨៩ ក្នុងជំនួបពានរង្វាន់ទាំងអស់សរុប១៨១ប្រកួត។ តើជំនួបរវាងក្រុមធំទាំង២នេះ មានកំណត់ត្រាអស្ចារ្យអ្វីខ្លះ? Sabay សូមបង្ហាញជូន៥យ៉ាងដូចខាងក្រោម៖
១. ឈ្នះច្រើនគ្រាប់បំផុត៖ Real Madrid ១១-១ Barcelona៖
រូបតំណាង
Real ធ្លាប់បំបាក់ Barca ធ្ងន់ករបំផុត ក្នុងការប្រកួតពានរង្វាន់ Copa del Rey កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៤៣ ដោយលទ្ធផល ១១-១។
២. កីឡាករស៊ុតចូលច្រើនជាងគេ៖ Lionel Messi៖
Super Star ជម្រើសជាតិអាហ្សង់ទីនរូបនេះ ស៊ុតក្នុងចំនួប El Clasico សរុប២១គ្រាប់ ច្រើនដាច់គេក្នុងប្រវត្តិសាស្ត្រ។ គ្រាប់បាល់ទាំង២១គ្រាប់នេះ Messi រកបាននៅ La Liga ១៤គ្រាប់, Super Cup ៥គ្រាប់ និងនៅក្របខ័ណ្ឌអឺរ៉ុប២គ្រាប់។ រីឯ Cristiano Ronaldo ស្ថិតនៅលេខ៣ ស៊ុតបាន១៥គ្រាប់។
៣. ស៊ុតជាប់ៗគ្នាច្រើនប្រកួតបំផុត៖ Cristiano Ronaldo (៦ប្រកួតជាប់គ្នា)៖
កីឡាករជម្រើសជាតិព័រទុយហ្គាល់ CR7 ស៊ុតចូលទី៧គ្រាប់ ក្នុងជំនួប El Clasico ៦ដងជាប់ៗគ្នា ដោយស៊ុតចូលដំបូង កាលប្រកួត Copa del Rey ជើងទី១ រដូវកាល២០១១-១២ និងលើកចុងក្រោយនៅ La Liga សប្ដាហ៍ទី៧រដូវកាល២០១២-១៣។
៤. ស៊ុត Hat-Tricks ច្រើនជាងគេ៖ Lionel Messi និង Ferenc Puskas៖
Messi និងកីឡាករជើងចាស់របស់ Real លោក Puskas គឺធ្លាប់ស៊ុតហ៊ែតទ្រីក២ដងដូចគ្នា ក្នុងជំនួប El Clasico ដែលជាស្ថិតិច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ។
៥. កីឡាករដែល Assists ច្រើនជាងគេ៖ Lionel Messi៖
កីឡាករវ័យ២៨ឆ្នាំ Messi បាន Assists ១៣ដង ក្នុងជំនួប El Clasico នេះ ហើយច្រើនដាច់គេក្នុងប្រវត្តិសាស្ត្រ គ្មានកីឡាកររូបណា ធ្លាប់ធ្វើបានឡើយ៕