Manchester City បានទាក់ទងខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ក្លិប Barcelona ជាថ្មីទៀតហើយ ដោយលើកនេះពួកគេហ៊ានឲ្យថ្លៃឈ្នួលដល់ទៅ ៨០០ពាន់ផោនក្នុង១សប្ដាហ៍ (ជាង១លាន២សែនដុល្លារ) ដើម្បីល្បួងឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ចាកចេញពី Camp Nou ទៅកីឡដ្ឋាន Etihad។
បើតាមប្រភពពី The Sun បានឲ្យដឹងថា អ្នកតំណាង Messi កំពុងតែពិភាក្សាគ្នាជាមួយក្លិបអ្នកមាននៅ Premier League ហើយ Barcelona នឹងអាចលក់ Super Star រូបនេះ ក្នុងតម្លៃពាក់កណ្ដាលនៃការទិញផ្ដាច់កុងត្រា។
ថ្លៃឈ្នួលរបស់ Messi ជាមួយ Barca បច្ចុប្បន្នគឺ ៥០០ពាន់ផោនក្នុង១សប្ដាហ៍ និងនៅជាប់កុងត្រាដល់ឆ្នាំ២០១៨ ខណៈដែលតម្លៃទិញផ្ដាច់កុងត្រាគឺ ២៥០លានផោន។ ប៉ុន្តែក្លិបម្ចាស់ជើងឯកអេស្ប៉ាញ អាចលក់ក្នុងតម្លៃពាក់កណ្ដាល ប្រហែល១២០លានផោនប៉ុណ្ណោះ ខណៈដែល Man City ជឿថា ពួកគេនឹងអាចលួងឲ្យម្ចាស់ពាន Ballon D’Or ៤សម័យកាលរូបនេះ ចាកចេញពីអេស្ប៉ាញ ដែលរូបគេធ្លាប់លេងរយៈពេល១១ឆ្នាំបាន។
យ៉ាងណាមិញ មានកត្តាមួយចំនួន ដែលគេជឿថា Messi អាចនឹងចាកចេញពីអេស្ប៉ាញដូចជា Barca ត្រៀមតកុងត្រាថ្មីឲ្យ Neymar និងឲ្យថ្លៃឈ្នួលលើស Messi។ Neymar និង Luis Suarez ឡើងជើងខ្លាំងពេល Messi របួស ដែលធ្វើ Barca អាចអត់កីឡាកររូបនេះបាន។ ចំណុចធំមួយទៀតគឺ រឿងរ៉ាវពន្ធជាមួយអាជ្ញាធរអេស្ប៉ាញ អាចនឹងធ្វើឲ្យ Messi ធុញទ្រាន់ចង់ចាកចេញពីប្រទេសនេះ៕