កំពូល Super star សញ្ជាតិព័រទុយហ្គាល់ កីឡាករ Christiano Ronaldo បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា Lionel Messi នឹងគ្រងតំណែងកីឡាករល្អផ្ដាច់គេរបស់ពិភពលោកនៅឆ្នាំនេះ។
ខ្សែបម្រើប្រយុទ្ធក្លិបយក្សរបស់អេស្ប៉ាញ បានសារភាពត្រង់ៗថា Messi នឹងឈ្នះពាន Ballon d’Or ឆ្នាំ២០១៥នេះ តែ Ronaldoជឿជាក់ថា នាពេលអនាគតគេនឹងក្លាយជាអ្នកឈ្នះវិញម្ដង។
Ronaldo ដែលឈ្នះ Ballon d’Or ២ឆ្នាំចុងក្រោយ បានឆ្លើយតបនឹងកិច្ចសម្ភាសន៍ថា៖ “ការអាចឈ្នះ Ballon d’Or ត្រូវពឹងលើការបោះឆ្នោត ហើយរដូវកាលមុន Messi បានឈ្នះពានជាច្រើន។ គាត់(Messi) បានឈ្នះ Champions League និង La Liga។ បើគិតលើការលេងលក្ខណៈបុគ្គលរដូវកាលចាស់គឺខ្ញុំធ្វើបានល្អ បំផុត ព្រោះខ្ញុំបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអឺរ៉ុប”។
“ខ្ញុំ និង Messi បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ឈរលើវេទិកាកិត្តិយសនៅ FIFA ៨ឆ្នាំចុងក្រោយជាមួយគ្នា។ គ្មានកីឡាករណាអាចធ្វើបានដូច្នេះទេ ទោះជាយើងទាំងពីរមិនមែនជាមិត្តចាស់ តែយើងគោរពគ្នាទៅវិញទៅមក”។ Ronaldo បន្ថែមដូច្នេះ។
យ៉ាងណាក៏ដោយកីឡាករវ័យ៣០ ចង់ឈ្នះ Ballon d’Or ម្ដងទៀតនាពេលអនាគត ដោយរំពឹងថានឹងអាចលេងបាល់បាន ៦ ឬ៧ឆ្នាំទៀតមុនចូលនិវត្តន៍៕