• ព័ត៌មានថ្មី

    Friday, January 16, 2015

    ប្រាក់​ខែ​អ្នក​បើក​យន្តហោះ​វៀតណាម អាច​ទិញ​បាន​ឡាន​មួយ​ជិះ

    ការងារ​ជា​អ្នក​បើក​យន្តហោះ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ទាមទារ​ជំនាញ​ច្បាស់លាស់ ព្រោះ​មនុស្ស​ជា​ច្រើន​បាន​ផ្ញើ​វាសនា​រួម​ដំណើរ​ជាមួយ​រហូត​ដល់​គោល​ដៅ។ ដោយសារ​បែប​នេះ​ហើយ ទើប​បុគ្គលិក​អាច​ទទួល​ប្រាក់​ខែ​ច្រើន ដែល​ខ្លះ​អាច​បាន​រហូត​ដល់​រាប់​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ងាក​មក​មើល​ប្រទេស​វៀតណាម​វិញ អ្នក​កាន់​ចង្កូត​យន្តហោះ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ម្នាក់​ៗ​ក៏​​ទទួល​បាន​ ប្រាក់​ខែ​រាប់​ពាន់​ដុល្លារ​ដែរ។


    (ប្រភព​រូបភាព៖ www.airinternational.com)

    ចាប់​ពី​​ឆ្នាំ​២០០៨ មក ប្រាក់​ខែ​អ្នក​បើក​យន្តហោះ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ត្រូវ​តម្លើង ២​ដង ហើយ​ក្រោយ​មក​ក៏​កើន​ឡើង​បន្តបន្ទាប់ រហូត​ដល់ ១៣២​លាន​ដុង (៦១៩៤​ដុល្លារ) សម្រាប់​អ្នក​បើក​យន្តហោះ​ម៉ាក Boeing 777 និង Airbus 330។ ចំណែក​អ្នក​បើក​យន្តហោះ​ម៉ាក Airbus 321 ចាប់​ផ្ដើម​ទទួល​បាន​ប្រាក់​ខែ ១១៥​លាន​ដុង (៥៣៩៦​ដុល្លារ) ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ​មក។

    យ៉ាង​ណា​ក៏​ដោយ ក្នុង​គម្រោង ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹង​តម្លើង​ប្រាក់​ខែ​ដល់​អ្នក​បើក​យន្តហោះ​រហូត​​ដល់ ១៥៨,៨​លានដុង (៧៤៥២​ដុល្លារ) ទៅ ១៧៧​លាន​ដុង (៨៣០៦​ដុល្លារ) នៅ​ខែ​កក្កដា​ខាង​មុខ។ បុគ្គលិក​ផ្សេង​ទៀត ដោយ​រាប់​បញ្ចូល​ទាំង​នារី​បម្រើការ​លើ​យន្តហោះ ទទួល​បាន​ប្រាក់​ខែ ១៩​លាន​ដុង (៨៩២​ដុល្លារ) ហើយ​ក្រុមការងារ​​បន្ទាប់បន្សំ​ទទួល​បាន ១០​លាន​ដុង (៤៦៩​ដុល្លារ) ដោយ​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​តម្លើង​ប្រាក់​ខែ​ឡើយ។

    ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រាក់​ខែ​របស់​អ្នក​បើក​យន្តហោះ​ពី​គេហទំព័រ Thanhniennews នា​ពេល​នេះ ដោយសារ​មាន​បាតុភាព​មិន​ប្រក្រតី​កើត​ឡើង​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ខណៈ​ពីឡុត​ជា​ច្រើន​បាន​ដាក់​ពាក្យ​សុំ​លា​ឈប់​ពី​ការងារ។

    មូលហេតុ​នៃ​ការ​ដាក់​ពាក្យ​សុំ​ឈប់​នេះ បណ្ដាល​មក​ពី​បញ្ហា​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។ យ៉ាង​ណា​ក្ដី ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម លោក Pham Ngoc Minh បាន​ច្រាន​ចោល​សំណើ​នោះ ដើម្បី​ប្រយោជន៍​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ផ្លូវ​អាកាស។ ជំនួស​មក​វិញ ក្រុមហ៊ុន​នឹង​តម្លើង​ប្រាក់​ខែ​ឲ្យ​ក្រុម​ពីឡុត ទៅ​តាម​គម្រោង៕ ​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រាក់​ខែ​អ្នក​បើក​យន្តហោះ​វៀតណាម អាច​ទិញ​បាន​ឡាន​មួយ​ជិះ Rating: 5 Reviewed By: Unknown
    Scroll to Top