• ព័ត៌មានថ្មី

    Friday, January 30, 2015

    កីឡាករ​ណា​ខ្លះ​អាច​ស្នង​តំណែង​ Messi ​និង​Ronaldo ​នៅ​ថ្ងៃ​​អនាគត?

    ប្រិយមិត្ត​​បាន​ដឹង​ហើយ​ថា ​នៅ​ពេល​បច្ចុប្បន្ន​នេះ ក្នុង​វិស័យ​បាល់​ទាត់​មាន​តែ​កីឡាករ Lionel Messi ​និង​ Cristiano Ronaldo ​ទេ ​ដែល​លេច​ធ្លោ​ខ្លាំង​​ជាង​គេ​ និង​ជាទី​ចាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​បាល់​ទាត់​ទាំង​អស់។ ចុះ​បើ​នឹក​ទៅ​ដល់​ពេល​អនាគត​វិញ​ ប្រសិន​បើ​អ្នក​ទាំង​ពីរ​នេះ​ចូល​និវត្តន៍​ទៅ​ តើ​មាន​កីឡាករ​រូប​ណា​ខ្លះ​​ ដែល​អាច​មក​ស្នង​តំណែង​របស់​ពួកគេ​បាន? ឬ​និយាយ​ឱ្យ​ខ្លី​ថា តើ​មាន​កីឡាករ​ណា ដែល​សក្តិសម​នឹង​មាន​សមត្ថភាព​អាច​លើក​ពាន​ FIFA Ballon d’Or ​បាន?

    ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​ដែល​ខាង​គេហទំព័រ dailyentertainment  ​បាន​ជ្រើស​រើស ​និង​គិត​ទុក​ជា​ស្រេច​ថា​នឹង​អាច​ជំនួស​​តំណែង​ Messi ​ឬ​ Ronaldo លើក​ពាន Ballon d’Or នៅ​ពេល​ខាង​មុខ៖

    ១. ខ្សែ​ប្រយុទ្ធ​ Neymar Jr

    Neymar ​បច្ចុប្បន្ន​នេះ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​នៅ​ក្លិប Barcelona ​ក៏​ដូច​ជា​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​ដែរ។ កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​លេង​សហការ​គ្នា​បាន​ល្អ​ណាស់​ជាមួយ Messi ​និង​សមាជិក​នៅ​ក្នុង​ក្រុម​ Barcelona ​ទាំង​អស់។ ​រដូវ​កាល​ថ្មី​នេះ​ រូប​គេ​រក​គ្រាប់​បាល់​បាន​១៤​គ្រាប់​ហើយ​នៅ​ La Liga ​ឈរ​ពី​ក្រោយ Messi ​(២១​គ្រាប់) ​និង​ Ronaldo (​២៨​គ្រាប់)។

    ២. ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale

    gareth-bale-535717

    Gareth Bale ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ល្បឿន​លឿន​ជាង​ Messi ​និង​ Ronaldo ​ទៅ​ទៀត ត្បិត​តែ​រូប​គេ​មិន​ទាន់​បាន​ឈ្នះ​ពាន​ Ballon d’Or ​ម្ដង​ណា​ក៏​ដោយ។ នៅ​ក្លិប Real Madrid ​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ ​ជា​មនុស្ស​សំខាន់​ទី​២​បន្ទាប់​ពី Cristiano Ronaldo ​ព្រោះ​កាល​ពី​ Real Madrid ​ប្រកួត​ជាមួយ Cordoba ​គឺ Bale នេះ​​ហើយ​ដែល​ជា​អ្នក​ជួយ​លោក Carlo Ancelotti ​រក​បាន​៣​ពិន្ទុ។

    ៣. ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Eden Hazard

    eden-hazard_2788463b 
    ប៉ុន្មាន​រដូវ​កាល​មក​នេះ Eden Hazard ​​បាន​បង្ហាញ​សមត្ថភាព​អស្ចារ្យ​មែន​ទែន​នៅ​ក្រុម Chelsea ​ខណៈ​ដែល​រដូវ​កាល​នេះ រូប​គេ​ក៏​មាន​ទម្រង់​លេង​កាន់​តែ​ល្អ​ទៅ​ៗ​ដែរ។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​ក្លិប​ធំ​ៗ​ជា​ច្រើន​ប្រជែង​គ្នា​ចង់​បាន ប៉ុន្តែ​សមីខ្លួន​​បាន​និយាយ​ហើយ​ថា​នឹង​នៅ​ជាមួយ Chelsea ​បន្ត​ទៀត ។ ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ ត្រូវ​បាន​កីឡាករ​នៅ​ Chelsea ​គិត​ថា​ជា Messi ​ទី​២​ទៀត​ផង។

    ៤. ខ្សែ​ប្រយុទ្ធ​ Diego Costa

    diego-costa_3019086b

    Diego Costa ​ទើប​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ក្លិប Atletico Madrid ក្រោយ​ជួយ​លោក Simeone ​លើក​ពាន La Liga ​បាន​មួយ​រដូវ​កាល​ក៏​ត្រូវ​លោក Jose Mourinho ​យក​មក​លេង​នៅ​អង់គ្លេស​ម្ដង។ បន្ទាប់​ពី​មក​ដល់ Stamford Bridge ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​​ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូបនេះ ​​បាន​ជួយ​ក្រុម Chelsea ​បាន​ជា​ច្រើន ​និង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ជាង​គេ​ទៅ​ហើយ​នៅ English Premier League ​នា​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​រក​គ្រាប់​បាល់​បាន​១៧​គ្រាប់​មក​ហើយ​គិត​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល។

    ៥. ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Thomas Muller

    Müller-1

    Thomas Muller ​ជា​កីឡាករ​ម្នាក់​ដែល​អាច​ជួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លើក​ពាន FIFA World Cup ​បាន ហើយ​ពេល​បច្ចុប្បន្ន​នេះ​ រូបគេ​ក៏​បាន​ជួយ​ក្រុម​ Bayern Munich ​ឈរ​នៅ​កំពូល​តារាង​ Bundesliga ​ផង​ដែរ។ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ​កីឡាករ​រូប​នេះ​ជាប់​លេខ​៣​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។

    ៦. ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Marco Reus

    saigontin_Real-Madrid-da-thanh-cong-thuong-vu-Marco-Reus

    Marco Reus ​មាន​ទម្រង់​លេង​ល្អ​ខ្លាំង​ណាស់​នៅ​ក្លិប Borrussia Dortmund ​ប៉ុន្តែ​ដោយសារ​មាន​របួស​ទើប​រូប​គេ​មិន​បាន​ជួយ​ក្រុម​បាន​ច្រើន​នៅ​រដូវ​កាល​នេះ។ ខណៈ​ដែល​ពេល​ថ្មី​ៗ​នេះ មាន​ក្លិប​ធំ​ៗ​ជា​ច្រើន​បាន​ដាក់​តម្លៃ​ខ្លួន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ដើម្បី​យក​ទៅ​រួម​ក្រុម។ Real Madrid ​ជា​ក្រុម​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ​ថា​នឹង​បាន​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ទៅ​រួម​ក្រុម​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

    ៧. ខ្សែ​បម្រើ Mario Gotze  

    Mario-Götze-10

    Mario Gotze ​ជា​កីឡាករ​ដែល​ជួយ​រក​គ្រាប់​បាល់​ឱ្យ​អាល្លឺម៉ង់​យក​ឈ្នះ​អាហ្សង់ទីន​នៅ​ព្រឹត្តិការណ៍​ World Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ទន្ទឹម​នឹង​នេះ​ដែរ កីឡាករ​វ័យ​២២​ឆ្នាំ​រូប​នេះ​ក៏​បង្ហាញ​ទម្រង់​លេង​ល្អ​ដែរ​ទាំង​កាល​នៅ​ Dortmund ​និង​ពេល​ផ្លាស់​មក Bayern Munich ។ ត្បិត​តែ​ជា​កីឡាករ​លេង​នៅ​តំបន់​បម្រើ​ ប៉ុន្តែ​កីឡាករ​ដែល​ជាប់​ជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី​ U15 ​មក​នេះ​មាន​សន្ទុះ ​និង​ក្បាច់​ញាក់​ល្អ​មិន​ចាញ់​ខ្សែ​ប្រយុទ្ធ​នោះ​ទេ។

    ៨. ខ្សែ​បម្រើ​ប្រយុទ្ធ​ James Rodriguez

    James-Rodriguez-Real-Madrid

    James Rodriguez ជា​តារា​ដែល​ទើប​តែ​រះ​នៅ​អំឡុង​ព្រឹត្តិការណ៍ World Cup ​ឆ្នាំ​មុន​នោះ​ ហើយ​ក៏​ត្រូវ​ក្រុម Real Madrid ​ទិញ​យក​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​តែ​ម្ដង (ប្រមាណ​ជា​៨០​លាន​អឺរ៉ូ)។ ទន្ទឹម​នឹង​តម្លៃ​ខ្លួន​ខ្ពស់​នេះ​ដែរ រូប​គេ​ក៏​បាន​ជួយ​លោក Carlo Ancelotti ​បាន​ច្រើន​ដែរ ដូចជា​ឈ្នះ​ពាន UEFA Super Cup ​និង FIFA Club World Cup ។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​រូប​នេះ​គឺ​ជា​ម្ចាស់​ស្បែក​ជើង​មាស FIFA World Cup Golden Boot 2014 ​ផង​ដែរ​។

    ៩. ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប Raheem Sterling
    Liverpool-v-Notts-County-Raheem-Sterling-pa_2994230

    Raheem Sterling ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​អង់គ្លេស​ និង​ Liverpool ។ ទោះ​ជា​ទើប​តែ​មាន​វ័យ​២០​ឆ្នាំ​មែន ប៉ុន្តែ​យុវជន​រូប​នេះ​បង្ហាញ​ទម្រង់​លេង​មិន​ចាញ់​កីឡាករ​ជើង​ចាស់​នោះ​ទេ។ ខណៈ​ដែល​រដូវ​កាល​នេះ​ទៀត​សោត រូប​គេ​ត្រូវ​បាន​លោក Rodgers ​ដាក់​សំណើ​បន្ត​កុងត្រា​នៅ​ហង្ស​ក្រហម​២​ដង​មក​ហើយ តែ​ត្រូវ​បានបដិសេធ​ទាំង​ពីរ​លើក។ ថ្មី​ៗ​នេះ​ មាន​កាសែត​អេស្ប៉ាញ​បាន​ចុះផ្សាយ​ផង​ដែរ​ថា កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ ​និង​ក្រុម Real Madrid ។

    ១០. ខ្សែ​បម្រើ Paul Pogba

    pogba-523441

    Pogba ​ជា​ខ្សែ​បម្រើ​កំពុង​ឡើង​ជើង​បំផុត​នៅ​អ៊ីតាលី​ ខណៈ​ដែល​ពេល​ថ្មី​ៗ​នេះ​រូប​គេ​ក៏​ចង់​ចាកចេញ​ពី​ Juventus ​ផង​ដែរ។ ទន្ទឹម​នឹង​សមត្ថភាព​លេច​ធ្លោ​របស់​យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ​ ​មាន​​ក្លិប​បាល់ទាត់​ធំ​ៗ​ជា​ច្រើន​ចង់​បាន​ដែរ ដែល​តម្លៃ​ខ្លួន​ផ្ទេរ​ចេញ​របស់​អតីត​យុវជន​ Man Utd ​រូប​នេះ ​ត្រូវ​បាន​ក្លិប​សេះបង្កង់​បញ្ជាក់​ថា​អាច​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ។ ក្នុង​ព្រឹតិ្តការណ៍ FIFA World Cup ​ឆ្នាំ​មុន​ រូប​គេ​ជា​ម្ចាស់​ពាន​រង្វាន់ FIFA World Cup Best Young Player ​ផង​ដែរ ។

    យ៉ាង​ណា​ដែរ បន្ទាប់​ពី​អាន​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​១០​នាក់​នេះ​រួច? បើ​តាម​គំនិត​មិត្ត​អ្នក​អាន​វិញ​គិត​ថា​នរណា​សាកសម​នឹង​អាច​ជំនួស​ Messi ​ឬ​ Ronaldo ​បាន​ក្នុង​ការ​លើក​ពាន FIFA Ballon d’Or ​ទៅ​ថ្ងៃ​អនាគត? ឬ​ក៏​មិន​មែន​ជា​១០​នាក់​នេះ​ទេ?

    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ណា​ខ្លះ​អាច​ស្នង​តំណែង​ Messi ​និង​Ronaldo ​នៅ​ថ្ងៃ​​អនាគត? Rating: 5 Reviewed By: Unknown
    Scroll to Top