• ព័ត៌មានថ្មី

    Sunday, April 26, 2015

    ៧​យ៉ាង​​​ធ្វើ​ឲ្យ​ស្នេហា​ដែល​នៅ​ឆ្ងាយ​គ្នា ​​គង់វង្ស​យូរ​អង្វែង

    ពាក្យ ​ចាស់​លោក​ពោល​ថា “ឃ្លាត​កាយ ណាយ​ចិត្ត”។ មនុស្ស​ស្រលាញ់​គ្នា​ដែល​រស់​នៅ​ឆ្ងាយ​ពី​គ្នា​​ ​ប្រឈម​មុខ​នឹង​ការ​បែកបាក់​ ​ប្រសិន​បើ​ដៃ​គូ​ណា​ម្ខាង​មិន​សូវ​ជា​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់ ឬ​​​មិន​យល់​ពី​គ្នា។​ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា​ស្នេហា​នៅ​ឆ្ងាយ​គ្នា មិន​អាច​ទទួល​បាន​ជោគ​ជ័យ​នោះ​ដែរ។

    ខាង​ក្រោម​នេះ គឺជា​វិធី​សាស្ត្រ ៧យ៉ាង ដែល​ជួយ​ឲ្យ​អ្នក​មាន​ស្នេហា​​​នៅ​ឆ្ងាយ​គ្នា ស្រលាញ់​គ្នា​គង់វង្ស​យូរអង្វែង​បាន៖


    ១. រក្សា​ទំនាក់​ទំនង​​ជា​ប្រចាំ​ថ្ងៃ៖ នៅ​ពេល​ដែល​អ្នក​មិន​អាច​ឃើញ​គ្នា វា​ពិត​ជា​សំខាន់​ណាស់​ ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ខាង​ផ្លូវ​អារម្មណ៍​ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ផ្ញើ​សារ ឬ​និយាយ​ទូរសព្ទ​ជាមួយ​គ្នា​​ឲ្យ​បាន​ម្ដង​ដែរ។ អ្នក​អាច​ផ្ញើ SMS, Chat តាម​ Facebook ឬ​មធ្យោបាយ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​យល់​ថា អ្នក​ពិត​ជា​យក​ចិត្ត​ទុកដាក់​ដល់​គេ​ខ្លាំង​មែន។

    ​២. ​រៀបចំ​ពេល​វេលា​សម្រាប់​ដៃ​គូ៖ បើ​អ្នក​ជា​មនុស្ស​ដែល​រវល់​ខ្លាំង រវល់​នឹង​ការងារ ឬ​រវល់​នឹង​ការ​សិក្សា អ្នក​គួរ​តែ​ប្រាប់​គូ​ស្នេហ៍​របស់​អ្នក​តាម​ត្រង់​ថា អ្នក​ពុំ​សូវ​មាន​ពេល​ទំនេរ​​ច្រើន​ទេ។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​រក​ពេល​វេលា​ទំនេរ​ខ្លី​ណា​មួយ ដើម្បី​​ផ្ញើ​ជា​សារ ឬ​និយាយ​ទូរស័ព្ទ​ខ្លីៗ​​​​ជាមួយ​នាង ឬ​គាត់ ជា​ប្រចាំ​ថ្ងៃ។

    ៣. ទៅ​លេង​ឲ្យ​បាន​ញឹក​ញាប់៖ ព្យាយាម​រក​ពេល​វេលា​ ទៅ​លេង​គូ​ស្នេហ៍​របស់​អ្នក​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ស្និទ្ធស្នាល ព្រោះ​ថា​​​បើ​ខាន​ជួប​មុខ​គ្នា​ដល់​ទៅ​រាប់​ឆ្នាំ ឬ​យូរ​​ពេក អាច​នឹង​ធ្វើ​ឲ្យ​គូ​ស្នេហ៍​របស់​អ្នក​នឿយ​ណាយ​បាន។

    ៤. ព្យាយាម​ស្វែង​យល់​ពី​គូ​ស្នេហ៍៖ ពេល​អ្នក​នៅ​ឆ្ងាយ​គ្នា​យូរ​ពេក​ ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ជា​ដឹង​ពី​ទម្លាប់​ ឬ​ចំណង់​ចំណូល​ចិត្ត​របស់​គូ​ស្នេហ៍​ខ្លួន​ច្រើន​ដែរ។ ដូច្នេះ​ពេល​ជួប​គ្នា​ម្តងៗ អ្នក​ត្រូវ​តែ​ចំណាំ​ថា គេ​ចូល​ចិត្ត​​​ធ្វើ​អ្វី ឬ​ញ៉ាំ​អ្វី ​ហើយ​ពេល​ជួប​លើក​ក្រោយ អ្នក​នឹង​​អាច​ធ្វើ​ឲ្យ​គូ​ស្នេហ៍​របស់​អ្នក​ភ្ញាក់​ផ្អើល​បាន ដោយ​អាច​ជូន​ជា​កាដូរ​ ឬ​​ធ្វើ​អ្វី​ដែល​រូប​គេ​ចូល​ចិត្ត​ជាមួយ​គ្នា។

    ៥. ជួយ​គាំទ្រ​គ្នា​ ទោះ​នៅ​ឆ្ងាយ​ក៏​ដោយ៖ ​អ្នក​ត្រូវ​តែ​គាំទ្រ ឬ​នៅ​ខាង​គូ​ស្នេហ៍​របស់​អ្នក​ជានិច្ច ​នៅ​ពេល​ដែល​គេ​មាន​រឿង ឬ​ជួប​វិបត្តិ​អ្វី​មួយ ហើយ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់ ពិភាក្សា និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​គូ​ស្នេហ៍​របស់​អ្នក​ឲ្យ​បាន​ច្រើន ទោះ​ជា​អ្នក​នៅ​ឆ្ងាយ​មិន​បាន​មើល​ថែ តែ​ក៏​អាច​និយាយ​ល្អៗ ដើម្បី​ឲ្យ​គេ​កក់ក្ដៅ​ក្នុង​ចិត្ត។ ​​​

    ៦. ជម្នះ​ការ​ធុញ​ថប់៖ ការ​តប់ប្រមល់​ធុញ​ថប់ គឺ​ជា​ផ្នែក​មួយ​របស់​មនុស្ស ឬ​គូ​ស្នេហ៍​ទៅ​ហើយ ជា​ពិសេស​គឺ​គូ​ស្នេហ៍​ដែល​នៅ​ឆ្ងាយ​គ្នា តែ​យ៉ាងណាក្ដី អ្នក​ត្រូវ​តែ​ជម្នះ​វា​ឲ្យ​បាន​ទាំង​អស់​គ្នា ដោយ​​រស់​​នៅ​ជាមួយ​ក្ដី​សង្ឃឹម​​រួម​គ្នា។

    ៧. ទុក​ចិត្ត​គ្នា៖ ចំណុច​ចុង​ក្រោយ​នេះ​សំខាន់​ណាស់ ការ​ជឿ​ជាក់ និង​​ការ​ទុក​ចិត្ត​គ្នា គឺ​សំខាន់​បំផុត​សម្រាប់​គូ​ស្នេហ៍​គ្រប់​រូប​ មិន​ថា​នៅ​ជិត​ ឬ​ឆ្ងាយ​ឡើយ។ ប៉ុន្តែ​បើ​​អ្នក​ទាំង​ពីរ​នៅ​ឆ្ងាយ​ពី​គ្នា អ្នក​ត្រូវ​តែ​ជឿ​ជាក់​លើ​គូ​ស្នេហ៍​របស់​អ្នក និង​ធ្វើ​ទង្វើ​​ឲ្យ​គូ​ស្នេហ៍​របស់​អ្នក​ជឿ​ជាក់​លើ​អ្នក​វិញ​ថា អ្នក​ពិត​ជា​ស្រលាញ់​តែ​គេ​ម្នាក់​គត់​​មែន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៧​យ៉ាង​​​ធ្វើ​ឲ្យ​ស្នេហា​ដែល​នៅ​ឆ្ងាយ​គ្នា ​​គង់វង្ស​យូរ​អង្វែង Rating: 5 Reviewed By: Unknown
    Scroll to Top