• ព័ត៌មានថ្មី

    Wednesday, April 29, 2015

    ៧​សំណួរ​មិន​គួរ​សួរ​បក​ទៅ​អ្នក​សម្ភាសន៍

    ពេល ​សម្ភាសន៍ គឺ​ជា​ដំណាក់​កាល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាច​វាយ​តម្លៃ និង​សម្រេច​ថា​ជួល​អ្នក​ជា​បុគ្គលិក​ឬ​អត់។ ចម្លើយ​ឆ្លើយ​តប​រាល់​សំនួរ​របស់​អ្នក​សម្ភាសន៍ គឺ​ជា​កត្តា​កំណត់​ជោគវាសនា​របស់​អ្នក។ យ៉ាង​ណា​មិញ ក្នុង​ពេល​សម្ភាសន៍ អ្នក​មិន​មែន​ជា​បេក្ខភាព​ប្រលង​ដែល​រង់ចាំ​តែ​ឆ្លើយ​នោះ​ទេ ពេល​ខ្លះ​ក៏​ត្រូវ​រក​នឹក​សំនួរ​តប​វិញ​ដែរ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក។ សំណួរ​ខ្លះ​អាច​មាន​ប្រយោជន៍ ចំណែក​សំណួរ​ខ្លះ​បែរ​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ឱកាស​ការងារ​របស់​អ្នក​ទៅ​ វិញ ប្រសិន​បើ​មិន​បាន​គិត​ឲ្យ​ល្អិត​ល្អន់​ទេ​នោះ។


    ខាង​ក្រោម​នេះ ជា​សំណួរ​ដែល​អ្នក​មិន​គួរ​សួរ​បក​ទៅ​អ្នក​សម្ភាសន៍​វិញ៖ ​

    ១. ហេតុអ្វី​បាន​ជា​អ្នក​ជួល​បុគ្គលិក?

    នេះ​គឺ​ជា​សំនួរ​សាមញ្ញ​ធម្មតា​បំផុត ចំណែក​ឯ​ចម្លើយ​វិញ​ក៏​ហាក់​គ្មាន​អ្វី​ខុស​ប្លែក​ពី​ធម្មតា​ដែរ “ត្រូវការ​ទើប​ជួល”។ ជំនួស​មក​វិញ គួរ​សួរ​សំនួរ​ដែល​មាន​ប្រយោជន៍​ថា “ហេតុអ្វី​តំណែង​នេះ​ត្រូវ​បើក​ចំហ?”។ សំនួរ​បែប​នេះ មិន​ត្រឹម​តែ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆ្លាតវៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ឲ្យ​អ្នក​ដឹង​ព័ត៌មាន​ច្រើន​ផង​ដែរ។ ប្រសិន​បើ​ក្រុមហ៊ុន​កំពុង​ពង្រីក​បន្ថែម នោះ​អ្នក​អាច​មាន​ឱកាស​សួរ​សំនួរ​បន្ត​ទៀត​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ជួល។ បើ​ព្រោះ​តែ​អ្នក​ធ្វើការ​មុន​ឡើង​តំណែង នោះ​មាន​ន័យ​ក្រុមហ៊ុន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ឡើង​តំណែង។ ប្រសិន​បើ​ព្រោះ​តែ​អ្នក​ធ្វើការ​ចាស់​ឈប់ នោះ​អ្នក​ត្រូវ​ស្វែង​យល់​ថា​ហេតុអ្វី​មាន​រឿង​បែប​នេះ​កើត​ឡើង។

    ២. តើ​អ្នក​មាន​គោលការណ៍​យ៉ាង​ណា​ដែរ ចំពោះ​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង?

    សំនួរ​នេះ​ហាក់​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ជា​មនុស្ស​ដែល​កំពុង​ញៀន​ជាមួយ​គ្រឿង​ពង្វក់​ស្មារតី​ទាំង​នោះ ព្រម​ទាំង​មាន​បំណង​ចង់​ការពារ​ខ្លួន​ទុក​ជាមុន។ បើ​ទោះ​បី​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​ទាន​គ្រឿង​ស្រវឹង​គ្រាន់​ជា​ការ​ សប្បាយ ក៏​មិន​ត្រូវ​លើក​យក​សំនួរ​ទាក់ទង​គោលការណ៍​នេះ​មក​និយាយ​ដែរ ព្រោះ​វា​អាច​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​អ្នក។

    ៣. តើ​ខ្ញុំ​អាច​ធ្វើការ​ពី​ផ្ទះ​បាន​ទេ?

    បើ​ទោះ​បី​គ្មាន​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​រៀបរាប់​លម្អិត​នៃ​មុខ​ តំណែង ក៏​អ្នក​មិន​ត្រូវ​សួរ​សំនួរ​នេះ​ទៅ​អ្នក​សម្ភាសន៍​ដែរ។ ក្រុមហ៊ុន​ខ្លះ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​ពី​ផ្ទះ ប្រសិន​បើ​អ្នក​អាច​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គេ​បាន​ច្រើន។ ទោះ​បែប​នេះ​ក្ដី ពេល​សម្ភាសន៍​អ្នក​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​តិកនិក​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ ចាប់​អារម្មណ៍​ខ្លួន​សិន មុន​នឹង​ពិភាក្សា​រឿង​លម្អិត​ផ្សេង​ទៀត។ ​​​

    ៤. បើ​ខ្ញុំ​ចូល​ធ្វើការ​លឿន អាច​ចេញ​វិញ​លឿន​ដូច​គ្នា​ទេ?

    បុគ្គលិក​ភាគ​ច្រើន អាច​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ដូច​ជា ត្រូវ​ទៅ​ទទួល​កូន ឬ​កន្លែង​ស្នាក់នៅ​ឆ្ងាយ​ជាដើម ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចង់​ចេញ​មុន​ម៉ោង និង​មក​ធ្វើការ​លឿន​ដើម្បី​សង​វិញ។ យ៉ាង​ណា​ក៏​ដោយ បញ្ហា​នេះ​មិន​គួរ​លើក​យក​មក​សួរ​នៅ​ពេល​សម្ភាសន៍​ឡើយ ព្រោះ​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គិត​រឿង​ផ្ទាល់​ខ្លួន ជាង​ប្រយោជន៍​ក្រុមហ៊ុន។

    ៥. តើ​អ្នក​ដំឡើង​តំណែង​បុគ្គលិក​លឿន​ប៉ុណ្ណា?

    សំនួរ​បែប​នេះ​គួរ​ចៀសវាង​ដាច់​ខាត មិន​គួរ​សួរ​ទៅ​អ្នក​សម្ភាសន៍​វិញ​ឡើយ ព្រោះ​វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ធំ​ជាង​ឆន្ទៈ​ការងារ។ ជា​ទូទៅ​ក្រុមហ៊ុន​មើល​លើ​សមត្ថភាព​ការងារ​របស់​បុគ្គលិក និង​អាច​ដំឡើង​តំណែង​ឬ​អត់ ទៅ​តាម​ការ​វាយ​តម្លៃ​នោះ។ ដូច​នេះ បើ​ទោះ​បី​អ្នក​សួរ​ទុក​មុន ក៏​គ្មាន​ប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​ដែរ។

    ៦. តើ​ខ្ញុំ​អាច​ទទួល​បាន​ការិយាល័យ​ផ្ទាល់​ខ្លួន​ឬ​ទេ?

    បុគ្គលិក​ភាគ​ច្រើន អាច​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិស្ថាន​នៅ​កន្លែង​ការងារ និង​ចង់​បាន​ការិយាល័យ​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​មិញ ការ​សួរ​សំនួរ​បែប​នេះ​នៅ​ពេល​សម្ភាសន៍ មិន​មែន​ជា​រឿង​សមរម្យ​ឡើយ។ ត្រូវ​គិត​ពី​ឱកាស​ការងារ​ជាមុន ចំណែក​ឯ​បរិស្ថាន​ការងារ ទទួល​យក​បាន ឬ​មិន​បាន​គឺ​ជា​រឿង​ក្រោយ។

    ៧. សំនួរ​នានា​ទាក់ទង​នឹង​ប្រាក់​ខែ ឬ​អត្ថប្រយោជន៍​បន្ថែម

    ជា​ការ​ពិត​ណាស់ អ្នក​ធ្វើការ​ចង់​បាន​ប្រាក់​ខែ​ច្រើន និង​អត្ថប្រយោជន៍​បន្ថែម​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន ប៉ុន្តែ​ការ​ចាប់​ផ្ដើម​សួរ​សំនួរ​នេះ​មុន​អ្នក​សម្ភាសន៍ មិន​មែន​ជា​រឿង​គួរ​សម​ឡើយ។ ត្រូវ​ជៀសវាង​សួរ​សំនួរ​ណា ដែល​អាច​ឲ្យ​គេ​គិត​ថា​អ្នក​មាន​កន្លែង​ធ្វើការ​រួច​ទៅ​ហើយ (មាន​កង់សឺកួរ)។ បញ្ហា​ប្រាក់​ខែ និង​ប្រយោជន៍​ដែល​អាច​ទទួល​បាន​ពី​ក្រុមហ៊ុន គួរ​ឲ្យ​អ្នក​សម្ភាសន៍​ជា​អ្នក​ចាប់​ផ្ដើម​មុន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៧​សំណួរ​មិន​គួរ​សួរ​បក​ទៅ​អ្នក​សម្ភាសន៍ Rating: 5 Reviewed By: Unknown
    Scroll to Top