• ព័ត៌មានថ្មី

    Thursday, November 20, 2014

    Angelina Jolie ប្រកាស​លា​ឈប់​ពី​អាជីព​សម្ដែង

    កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie បាន​និយាយ​ថា​ នាង​នឹង​លាលែង​ពី​អាជីព​សម្ដែង​ទាំង​ស្រុង ហើយ​នឹង​ផ្ដោត​លើ​អាជីព​ជា​អ្នក​ដឹកនាំ​រឿង​វិញ ក្រោយ​ពី​សម្ដែង​ចប់​​ពីរ​ទៅ​បី​រឿង​ទៀត។

    Jolie

    តាម​រយៈ​របាយការណ៍​សារព័ត៌មាន Sydney Morning Herald ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ Jolie បាន​និយាយ​​ថា “ខ្ញុំ​នឹង​សម្ដែង​តែ ២​ទៅ​៣​រឿង​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​រីករាយ​នឹង​បញ្ចប់​អាជីព​នេះ​នៅ​ពេល​ណា​មួយ”។

    តួ​ឯក​ស្រី “Maleficient” បាន​និយាយ​ទៀត​ថា “ខ្ញុំ​ស្រឡាញ់​ការ​ដឹកនាំ ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ​ជាង​នៅ​ពេល​ដឹកនាំ។ ខ្ញុំ​ចង់​រៀន​សូត្រ​អ្វី​ថ្មី​ៗ និង​ចង់​ចូលរួម​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ការ​ផលិត​ភាពយន្ត”។

    ទោះ​យ៉ាង​ណា តារា​រូប​នេះ​ បាន​បញ្ជាក់​ថា​ការ​ដែល​ចង់​ងាក​ទៅ​រក​អាជីព​ដឹកនាំ​នេះ គឺ​មិនមែន​មាន​ន័យ​ថា​នាង​គិត​ថា​អាជីព​ជា​តារា​​សម្ដែង​មិន​ល្អ ​នោះ​ទេ។ Jolie និយាយ​ថា “ខ្ញុំ​ស្រឡាញ់​តារា​សម្ដែង ខ្ញុំ​ចូលចិត្ត​មើល​ការ​សម្ដែង​របស់​ពួក​គេ និង​ចូលចិត្ត​​ភាព​ល្បីល្បាញ​របស់​តារា​សម្ដែង​គ្រប់​គ្នា គ្រាន់​តែ​ខ្ញុំ​ចូល​ចិត្ត​អាជីព​ដឹកនាំ​ជាង​តែ​ប៉ុណ្ណោះ”។

    កាល​ពី​ដើម​សប្ដាហ៍​នេះ​ Angelina Jolie បាន​ចាប់​ផ្ដើម​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ថ្មី​ រឿង “Unbroken” ដែល​ខ្លួន​បាន​ដឹកនាំ​សម្ដែង​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន។ ភាពយន្ត​នេះ​រៀបរាប់​ពី​ខ្សែ​ជីវិត​របស់​កីឡាករ​អូឡាំពិក​អាមេរិក​ Louis Zamperini ដែល​បាន​ក្លាយ​ជា​អ្នក​ទោស​សង្គ្រាម​នៅ​ជប៉ុន ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។ បច្ចុប្បន្ន Jolie កំពុង​ដឹកនាំ​ និង​សម្ដែង​ខ្លួន​ឯង ក្នុង​រឿង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា “By the Sea” ដោយ​មាន​ស្វាមី Brad Pitt ជា​តួ​ឯក​ប្រុស។

    Jolie បាន​និយាយ​អំពី​គម្រោង​ថ្មី​នេះ​ថា “ការ​ដឹកនាំ​ និង​សម្ដែង​ខ្លួន​ឯង​បែប​នេះ​គឺ​ជា​រឿង​លំបាក​មែនទែន ហើយ​ដឹកនាំ​ Brad Pitt ទៀត​គឺ​រឹត​តែ​ពិបាក ពិសេស​នៅ​ពេល​សម្ដែង​ឈុត​មនោសញ្ចេតនា​ជាមួយ​គាត់” ៕

    Angelina Jolie និង​តួ​សម្ដែង​ក្នុង​រឿង “Unbroken”
    • Blogger Comments
    • Facebook Comments
    Item Reviewed: Angelina Jolie ប្រកាស​លា​ឈប់​ពី​អាជីព​សម្ដែង Rating: 5 Reviewed By: Unknown
    Scroll to Top