• ព័ត៌មានថ្មី

    Thursday, November 20, 2014

    ដំណឹង​ល្អ! ​តម្លៃ​ប្រេង​ឥន្ធនៈ​​​៥ ​​ក្រុមហ៊ុន​ទម្លាក់​ព្រម​​គ្នា​​​​ថ្ងៃ​នេះ​​

    ប្រេង​​​ឥន្ធនៈ​​​ចំនួន​ ៥ ក្រុមហ៊ុន​នៅ​​ថ្ងៃ​នេះ​បាន​​បញ្ចុះ​តម្លៃ​​លក់​រាយ​ព្រម​ៗ ​គ្នា ​​​​លើក​​លែង​តែ​ក្រុមហ៊ុន​ ​Total​ និង​ ក្រុមហ៊ុន ​Caltex ​ ដែល​​កំពុង​ស្ថិត​នៅ​​​ក្នុង​​ការ​ពិចារណា​​​។​ នេះ​បើ​តាម​ទំព័រ​​សង្គម​​លោក​ កែប​ ជុតិមា​ អតីត​អភិបាល​រាជ​ធានី​ភ្នំពេញ​​។

    ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​​អន្តរ​ក្រសួង​មួយ​​ពាក់​ព័ន្ធ​នឹង​តម្លៃ​ប្រេង​ឥន្ធនៈ​​​កាល ​​ពី​ម្សិល​មិញ​នេះ​ នៅ​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ​​​ ដឹក​នាំ​ដោយ​​​លោក​​ គាត​ ឈន់ ​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​ ​និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​-​ស្ថាប័ន​សំខាន់​ៗ ​ក្នុង​នោះ ​មាន​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ, ​ក្រសួង​ពាណិជ្ជកម្ម,​ ក្រសួង​ផែនការ​, ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​, ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​, ធនាគារជាតិ​នៃ​កម្ពុជា,​ និង​តំណាង​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ធំៗ​ចំនួន ​០៧​ ​ក្រុមហ៊ុន ​រួម​មាន ​ក្រុមហ៊ុន​សូគីម៉ិច​,​ កម្ពុជា​តេលា,​ PTT ​Cambodia. Ltd, Caltex, Bright Victory Mekong, Total ​និង ​ក្រុមហ៊ុន ​Savimex ។​​​​​​


    ជា​លទ្ធផល​ នៃ​កិច្ច​ប្រជុំ ​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ចំនួន ​០៥ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ប្រាំពីរ​ បាន​ស្ម័គ្រ​ចិត្ត​ ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​ លក់​រាយ​របស់​ខ្លួន ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ​នេះ​ទៅ​ ​ក្នុង​នោះ​៖ ក្រុមហ៊ុន​សូគីម៉ិច​, ​កម្ពុជា​តេលា ​និង​ PTT​ Cambodia. Ltd​ ទម្លាក់​តម្លៃ​ប្រេង​សាំង​ធម្មតា​ចុះ​ពី​ ៤,៩០០​ រៀល/លីត្រ ​ទៅ ​៤,៧៥០ ​រៀល/លីត្រ​ ​និង​តម្លៃ​ប្រេង​ម៉ាស៊ូត​ចុះ​ពី​ ៤,៦០០ ​រៀល/លីត្រ​ ​ទៅ ​៤,៥០០ ​រៀល/​លីត្រ​។

    ក្រុមហ៊ុន ​Savimex ​ទម្លាក់​តម្លៃ​ប្រេង​សាំង​ធម្មតា ​ដល់​ ​៤,៤៥០ ​រៀល​/​លីត្រ​ ​និង​ ​៤,៣៥០​ រៀល/លីត្រ​ សម្រាប់​ប្រេង​ម៉ាស៊ូត​។​​ ក្រុមហ៊ុន ​Bright Victory Mekong ​នឹង​កំណត់​ថ្លៃ​លក់​ដុំ​របស់​ខ្លួន ​ចន្លោះ​ពី​ ៣,២០០​ -៣,៦០០ ​រៀល​/លីត្រ ​ចំពោះ​ប្រេង​ម៉ាស៊ូត ​និង​ ៣,៧០០​-៣,៩០០​ រៀល​/លីត្រ​ ចំពោះ​ប្រេង​សាំង​។ ចំណែក​​​ក្រុមហ៊ុន ​Total ​និង​ក្រុមហ៊ុន ​Caltex ​នឹង​ពិចារ​ណា​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេង​ ឥន្ទនៈ​របស់​ខ្លួន​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​នេះ​។

    ​តំណាង​ក្រុមហ៊ុន​សូគីម៉ិច​ និង​​ក្រុមហ៊ុន​កម្ពុជា​តេលា បាន​ប្រាប់​ Sabay មុន​នេះ​ថា​ តម្លៃ​ប្រេង​សាំង​​ និង​ប្រេង​ម៉ាសូត​ពិត​ជា​បាន​​បញ្ចុះ​មែន​ កាល​​ពី​ព្រឹក​​នេះ​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដំណឹង​ល្អ! ​តម្លៃ​ប្រេង​ឥន្ធនៈ​​​៥ ​​ក្រុមហ៊ុន​ទម្លាក់​ព្រម​​គ្នា​​​​ថ្ងៃ​នេះ​​ Rating: 5 Reviewed By: Unknown
    Scroll to Top