• ព័ត៌មានថ្មី

    Tuesday, November 25, 2014

    រឿង​សំខាន់ ៧ យ៉ាង​ត្រូវ​ចៀសវាង​ធ្វើ ពេល​កំពុង​ស្រវឹង ប្រយ័ត្ន​អស់​រលីង

    អ្នក​ញ៉ាំ​ស្រា cocktail ឬ​ប៊ីយ៊ែរ មាន​ពីរ​ប្រភេទ​គឺ ដើម្បី​កម្សាន្ត​សប្បាយ និង​បំបាត់​ទុក្ខ។ ដល់​ពេល​ជាតិ​​ស្រា​ជ្រៀត​ចូល​ក្នុង​ខ្លួន​ស្រឿងៗ​ហើយ អ្នក​ញ៉ាំ​ហាក់​ដូច​ជា​ហ៊ាន​និយាយ និង​ធ្វើ​អ្វីៗ​ខុស​ពី​ធម្មតា។ ការ​ហ៊ាន​បែប​នេះ មិន​សូវ​ជា​ផ្ដល់​ផល​ប្រយោជន៍​អ្វី​នោះ​ទេ គឺ​មាន​តែ​អាប់ឱន​កិត្តិយស​ខ្លួន​ឯង​ និង​ខាត់​បង់​ប្រយោជន៍​តែ​ប៉ុណ្ណោះ មិន​ថា​ប្រុស​ ឬ​ស្រី​នោះ​ទេ។

    អីចឹង​ទេ Sabay សូម​បង្ហាញ​រឿង​សំខាន់ៗ ៧ យ៉ាង​ត្រូវ​ចៀសវាង​ធ្វើ ពេល​កំពុង​ស្រវឹង៖


    ១. បើកបរ៖ “បើ​ស្រវឹង​ កុំ​បើកបរ, បើ​បើកបរ កុំ​ញ៉ាំ​ស្រា”។ ការ​បើក​បរ​ពេល​ស្រវឹង មិន​ត្រឹម​តែ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​អាយុ​ជីវិត​អ្នក​ជិះ​ជាមួយ ឬ​អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​លើ​ដង​ផ្លូវ​រួម​គ្នា។ បើ​ស្រវឹង ទុក​ឲ្យ​មិត្តភ័ក្ដិ​មិន​ស្រវឹង​បើកបរ​ជំនួស ជា​ការ​ប្រសើរ កុំ​អាង​ខ្លួន​អស្ចារ្យ​ពេក។

    ២. បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម៖ អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​ចូល​ចិត្ត​បង្ហោះ​សំញែង​គេ​គ្រប់​ពេល មិន​ថា​ពេល​ញ៉ាំ ដើរ​លេង ផឹក​ស៊ី ឬ​ធ្វើ​អ្វី​នោះ​ទេ សឹង​តែ​ចូល​បន្ទប់​ទឹក​ក៏​ប្រាប់​ដែរ។ ពេល​ស្រឿងៗ​ហើយ អ្នក​នឹង​បាត់បង់​ម្ចាស់ការ​ខ្លះ។ ប្រយ័ត្ន​ច្រឡំ​ចុច​រូបភាព​មិន​គប្បី (អាសអាភាស) និង​រូបភាព​ផឹក​ស៊ី​ជប់លៀង​មិន​សមរម្យ ព្រោះ​អ្នក​ផ្សេង​អាច​នឹង​វាយ​តម្លៃ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា ជា​ពិសេស​ចៅហ្វាយ​នាយ​នៅ​កន្លែង​ការងារ​តែ​ម្ដង។

    ៣. អូស​ក្រឡា​ ឬ​ចាក់​បណ្ដោយ​ជាមួយ​មនុស្ស​ប្លែក​មុខ៖ ពេល​ធ្លាក់​ភ្នែក​បន្តិច​ហើយ អារម្មណ៍​ដូច​ចង់​ស្រើបស្រាល​ចំណង់​ផ្លូវ​ភេទ ពេល​ឃើញ​ស្រី​ស្អាត ឬ​បុរស​សង្ហា​កាលីប។ ការ​អូស​ក្រឡា​របស់​មនុស្ស​ប្រុស និង​ការ​ចាក់​បណ្ដោយ​ចង់​លេង​សើច​របស់​មនុស្ស​ស្រី អាច​នឹង​ជ្រុលជ្រួស​ ហើយ​ភ្ញាក់​ឡើង​ពេល​ព្រឹក​អស់​អាលីង បណ្ដាល​ឲ្យ​ស្ដាយ​ក្រោយ និង​ខ្មាស​ខ្លួន​ឯង។

    drunk

    ៤. ខល​ទៅ​អតីត​សង្សារ៖ មនុស្ស​ភាគ​ច្រើន​ចិត្ត​កាន់​តែ​ស្រាល បន្ទាប់​ពី​លើក​ដាច់​ប៉ុន្មាន​កែវ ហើយ​ក្លាហាន​ខល​ទៅ​អតីត​សង្សារ និយាយ​តាប៉ែ​សាំញ៉ាំ​ច្រើន មិន​ដឹង​ក្បាល​កន្ទុយ ឬ​ថែម​ទាំង​ចោទប្រកាន់​ទម្លាក់​កំហុស​ដល់​ភាគី​ម្ខាង​ទៀត។ បើ​អ្នក​ចង់​ស្ដារ​ទំនាក់ទំនង និង​សុំ​ឱកាស​ជាមួយ​គេ​ម្ដង​ទៀត ប្រាកដ​ជា​ពិបាក​នឹង​ទៅ​រួច​ណាស់។

    ៥. ឆ្លើយ​តប​ពាក់​ព័ន្ធ​នឹង​ការងារ៖ កុំ​យក​ការងារ រកស៊ី​ពាក់​ព័ន្ធ​នឹង​រឿង​ផឹកស៊ី​សប្បាយ។ បើ​អ្នក​ធ្វើ​សម្រេច​ចិត្ត​លើ​ការងារ​ប្រកាស​ក្នុង​ហ្វូង​បុគ្គលិក​ពេល​ ផឹកស៊ី ឬ​សរសេរ​សារ​អេឡិចត្រូនិក​ឆ្លើយតប​នឹង​ការងារ ច្បាស់​ណាស់​វា​នឹង​ប៉ះពាល់​ការងារ​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​កំពុង​ស្រវឹង​មិន​ដឹង​អី។

    ៦. ផ្ញើ​សារ​ទាំង​រវើរវាយ៖ បើ​អ្នក​ចាប់​អារម្មណ៍​លើ​នរណា​ម្នាក់ កុំ​ផ្ញើ​សារ​សន្ទនា​ជាមួយ​ម្នាក់​នោះ នៅ​ពេល​ស្រវឹង។ ការ​ឆ្លើយតប និង​បង្ហាញ​អារម្មណ៍​ផ្ដេសផ្ដាស​ពេល​នេះ អាច​នឹង​មាន​បញ្ហា​ខូច​ការណ៍​វិញ​ជា​មិន​ខាន។

    ៧. ឈ្លោះ​វាយ​តប់​គេ៖ ស្រវឹង គឺ​ហ៊ាន​ហិង្សា ហ៊ាន​ហិង្សា គឺ​ដេក​គុក។ អ្នក​ប្រាកដ​ជា​ខុស ហើយ​កាន់​តែ​ខុស​ពេល​ប្រើ​ហិង្សា បើ​ទោះ​ជា​អ្នក​ត្រូវ​ក៏​ដោយ ព្រោះ​អ្នក​ផង​ទាំង​ពួង​គិត​ថា​អ្នក​ស្រវឹង​និយាយ​ដឹង​ខុស​ត្រូវ។ សូវ​ប្រកែក​ត្រឹម​ពាក្យ​សំដៅ​ទៅ​បាន​ហើយ បើ​ទប់​មិន​បាន ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រឿង​សំខាន់ ៧ យ៉ាង​ត្រូវ​ចៀសវាង​ធ្វើ ពេល​កំពុង​ស្រវឹង ប្រយ័ត្ន​អស់​រលីង Rating: 5 Reviewed By: Unknown
    Scroll to Top