• ព័ត៌មានថ្មី

    Thursday, November 13, 2014

    Jack Ma៖​ ខ្ញុំ​ពិបាក​​ចិត្ត​​ណាស់​​​​​ពេល​​​​ក្លាយ​​​ជា​​មហា​សេដ្ឋី​

    ក្រោយ​ពី​ក្រុមហ៊ុន​លក់​ទំនិញ Online ​ Alibaba ចូល​ទីផ្សារ​មូលប័ត្រ​ជា​សាធារណៈ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ Jack Ma ​អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​កើត​ចេញ​ពី​គ្រួសារ​ក្រី​ក្រ​ បាន​​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ចិន​ ដែល​មាន​ប្រាក់​រាប់​​ពាន់​​លាន​ដុល្លារ។ តែ​ផ្ទុយ​ស្រឡះ​ពី​មហាសេដ្ឋី​ដទៃ​​ទៀត​លើ​ពិភពលោក Jack Ma បែរ​ជា​មិន​រីករាយ​ទៅ​វិញ​ពេល​ដែល​ខ្លួន​ក្លាយ​ជា​បុគ្គល​បច្ចេកវិទ្យា​ដ៏​ សំខាន់​ហើយ​មាន​ប្រាក់​ចាយ​​មួយ​ជីវិត​សឹង​​មិន​អស់​​។

    ilustracija

    ក្រោយ​ពី​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក Ma  ទូរទស្សន៍​​អាមេរិក​ CNBC បាន​ឲ្យ​ដឹង​ថា ​ដោយ​សារ​តែ​ទំនួល​ខុស​ត្រូវ​ និង​ភាព​ល្បីល្បាញ​​របស់​​លោក​បែរ​ជា​នាំ​ការ​ឈឺចាប់​ដល់​ Jack Ma ​ទៅ​វិញ។ ទំនួល​ខុស​ត្រូវ​​ដ៏​ធំ​ធេង​ និង​ភាព​ល្បីល្បាញ​​​នាំ​ការ​ឈឺចាប់​ដល់​ Jack Ma នៅ​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​នាំ​គ្នា​រំពឹង​ខ្លាំង​ពេក​លើ​លោក (កិច្ច​សម្ភាសន៍​​របស់ CNBC ជា​មួយ​ Jack Ma ក្រោយ​ពី Alibaba ចូល​ទីផ្សារ​មូល​ប័ត្រ​ (IPO) ក្នុង​​ខែ​កញ្ញា​កន្លង​ទៅ)។ ​




    “IPO គឺ​ពិត​ជា​អស្ចារ្យ​ណាស់​​…ខ្ញុំ​រីករាយ​នឹង​លទ្ធផល​នេះ។ ប៉ុន្តែ​​និយាយ​ដោយ​ស្មោះ ​ខ្ញុំ​គិត​ថា​ពេល​មនុស្ស​ជា​ច្រើន​មក​រំពឹង​លើ​អ្នក​ខ្លាំង​ពេក អ្នក​​ប្រាកដ​ជា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ដ៏​ធ្ងន់ធ្ងរ​ដើម្បី​បម្រើ​ដល់​ ពួក​គេ”។ លោក​ Ma និយាយ​ទៅ​កាន់​ CNBC ទាំង​ទឹក​មុខ​ស្ងួត។​​

    រាល់​ថ្ងៃ​ Ma ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីករាយ​ ព្រោះ​​បុរស​រូប​នេះ​យល់​ថា​សេចក្ដី​សុខ​របស់​​មិត្ត​រួម​ការងារ​ អ្នក​មាន​​ភាគហ៊ុនក្នុង​ក្រុមហ៊ុន និង​អតិថិជន​ជាទី​ស្រឡាញ់​របស់​លោក​ទាំង​អស់​គឺ​ឋិត​លើ​ទឹក​មុខ​របស់​លោក​​ នេះ​ហើយ។​​

    អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ​ Ma រឹត​តែ​មាន​អារម្មណ៍​មិន​ស្រួល​គឺ​ពេល​ដែល​លោក​ដើរ​តាម​ផ្លូវ​ហើយ​មនុស្ស​ ម្នា​មើល​មក​រូប​លោក​ចម្លែក​ខុស​ពី​អ្នក​ដទៃ។ Ma ក៏​បន្ថែម​ថា ​មនុស្ស​មួយ​ចំនួន​ចាប់​ផ្ដើម​​មក​ចោមរោមលោក​​ដោយ​សារ​តែ​ទ្រព្យ​សម្បត្តិ​ ដែល​លោក​មាន​ តែ​មិន​មែន​​ដោយ​សារ​​​ទំនាក់​ទំនង​របស់​លោក​និង​ពួក​គេ​នោះ​ទេ។​

    អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ​តាំង​ពី​ដើម​លោក​មិន​ដែល​គិត​ថា​អាច​រក​ប្រាក់​​បាន​យ៉ាង​ច្រើន​ពី​ Alibaba នោះ​ទេ ​ហើយ​អ្វី​ដែល​លោក​ចង់​បាន​បំផុត​គឺ​ការ​ក្លាយ​ទៅ​ជា​អ្នក​ជំនួញ​ដែល​ត្រូវ​ បាន​គេ​គោរព។ ចុង​ក្រោយ​ Ma ក៏​បាន​ប្រាប់​ទៅ​ CNBC ថា ​លោក​កំពុង​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​​មួយ​ ចំនួន​​ដែល​លោក​មាន​​ទៅ​ជួយ​ដល់​សង្គម​វិញ​ម្ដង។

    ​ទម្រាំ​បាន​ក្លាយ​ជា​មហា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​​នៅ​ពេល​បច្ចុប្បន្ន Jack Ma ធ្លាប់​បាន​ឆ្លង​កាត់​ប្រវត្តិ​យ៉ាង​ជូរ​ចត់​ដូច​ជា​សុំ​ការងារ​នៅ​ហាង​ KFC មិន​បាន​ និង​ទទួល​បរាជ័យ​​ផ្ទួន​ៗ​គ្នា​ចំនួន​ពីរ​ដង ​(ប្រឡង​​ធ្លាក់) ចំពោះ​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ ​​។ នៅ​ឆ្នាំ ១៩៩៩​ អតីត​គ្រូ​បង្រៀន​អង់គ្លេស​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​បង្កើត​ក្រុមហ៊ុន​ លក់​​ទំនិញ​ Online មួយ​មាន​ឈ្មោះ​ថា​ Alibaba ដែល​​បច្ចុប្បន្ន​មាន​ភាគហ៊ុន​សរុប​ច្រើន​ជាង​ Amazon ដល់​ទៅ​ពីរ​ដង។ Jack Ma បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ចិន​​ ក្រោយ​ពេល​ដែល ​Alibaba បាន​​ប្រឡូក​ចូល​​ទី​ផ្សារ​មូលប័ត្រ​​កាល​ពី​ថ្ងៃ​ទី​១៩​ កញ្ញា​កន្លង​ទៅ​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Jack Ma៖​ ខ្ញុំ​ពិបាក​​ចិត្ត​​ណាស់​​​​​ពេល​​​​ក្លាយ​​​ជា​​មហា​សេដ្ឋី​ Rating: 5 Reviewed By: Unknown
    Scroll to Top