• ព័ត៌មានថ្មី

    Thursday, November 27, 2014

    តិចនិក​៧​យ៉ាង ឪពុកម្ដាយ​អាច​ជួយ​ឱ្យ​កូន​ក្លាយ​ជា​សិស្ស​ឆ្លាត

    ក្រៅ​​ពី​លោកគ្រូ​អ្នកគ្រូ មាតាបិតា​ជាផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ជម្រុញ​ឱ្យ​បុត្រ​ធីតា ក្លាយ​ជា​កូន​ល្អ​ និង​សិស្ស​​ពូកែ​។ ដើម្បី​ឱ្យ​កូនអ្នក​​ក្លាយ​ជា​កូន​ល្អ​ និង​សិស្ស​​ល្អ​ត្រូវ​ធ្វើ​ដូចម្ដេច? ​  សូម​មើល​តិចនិក​៧ចំណុច​ខាងក្រោម៖



    ១. រៀបចំ​កន្លែង​រៀន​​ឱ្យ​បាន​សមរម្យ

    ចូរ​ចំណាយ​ពេល​រៀបចំ​កន្លែង​សិក្សា​សម្រាប់​កូន​អ្នក​ឱ្យ​បាន​សមរម្យ។ អ្នក​​ត្រូវ​ច្បាស់​ថា តុ ​កៅអី ​មាន​ផាសុកភាព ហើយ​ពេល​កូន​កំពុង​រៀន មិន​ត្រូវ​មាន​របស់​លេង​ច្រើន​ពេក​ជុំវិញ​ពួកគេ​ទេ ព្រោះ​អាច​ឱ្យ​ពួកគេ​ខូច​អារម្មណ៍។ អ្នក​ជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ថា បន្ទប់​គួរ​មាន​ពន្លឺ​គ្រប់គ្រាន់ ខ្យល់​ចេញចូល​ល្អ មាន​សណ្ដាប់ធ្នាប់។ មិន​តែ​ប៉ុណ្ណោះ​មាតាបិតា ត្រូវ​ជួយ​បង្ហាត់​បង្រៀន​កូន​នូវ​អ្វី​ល្អៗ តែ​ត្រូវ​ទុក​ពេល​ឱ្យ​កូន​សម្រាក​ផង​ដែរ។

    ២. ស្វែង​រក​របស់​លេង​ជួយ​បង្កើន​ចំណេះ

    បើ​សិន​អ្នក​ជា​មាតាបិតា អ្នក​ត្រូវ​រក​ហ្គេម​ណា ឬ​របស់​ណា​ទាក់ទង​នឹង​ការសិក្សា​ដែល​ងាយៗ។ ក្មេង​មិន​ចូល​ចិត្ត​អ្វី​សាំញ៉ាំ ចំណាយ​ពេល​ច្រើន​ទេ។ ចូរ​បង្កើត​មុខ​វិទ្យា​ប្លែកៗ ហើយ​សាមញ្ញ។

    ៣. ផ្ដោត​លើ​ចំណុចខ្លាំង​របស់​កូន

    គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ។ ក្មេងៗ​មាន​ជំនាញ​ និង​ទេពកោសល្យ តែ​ពួកគេ​មិន​អាច​ឆ្លាត​គ្រប់​រឿង​ពួកគេ​ធ្វើ​ឡើយ។ ចូរ​រក​ចំណុច​ខ្លាំង​របស់​ពួកគេ។ ឧទាហរណ៍ កូន​ពូកែ​គណិតវិទ្យា អ្នក​ត្រូវ​តែ​​ជួយ​អភិវឌ្ឍ​ពួកគេ​ឱ្យ​​ខ្លាំង ប៉ុន្តែ​​ក៏​មិន​ត្រូវ​​ភ្លេច​មុខ​វិទ្យា ភាសា​ខ្មែរ ជីវៈ រូប​​ជា​ដើម​ទេ។

    ៤. បង្កើត​ភាព​ស្និទ្ធស្នាល និង​បើក​ចំហ​ទំនាក់ទំនង​ជាមួយ​កូន

    អ្នក​និង​គ្រួសារ​របស់​អ្នក​ប្រៀប​បាន​នឹង​អាជ្ញាធរ​​មាន​អំណាច ប៉ុន្តែ​មិន​បាន​​ន័យ​ថា ការ​គំរាមកំហែង អំពើ​ហិង្សា ឬ​ទណ្ឌកម្ម​ទេ។ ចូរ​គោរព​​ និង​យល់​ពី​អារម្មណ៍​របស់​កូន ហើយ​​មិន​ត្រូវ​បោកបញ្ឆោត​ពួកគេ​ឡើយ។ មិន​គួរ​សន្យា​ថា​ទិញ​របស់​អ្វី​មួយ​ ពេល​ពួកគេ​​បាន​ចំណាត់​ថ្នាក់​ល្អ។ បើ​អ្នក​ទំយើ​កូន​ពេក គេ​នឹង​ក្លាយ​ជា​មនុស្ស​ខ្ជិលច្រអូស។ ផ្ទុយ​ពី​នេះ​ចូរ​លាក់​អារម្មណ៍​អស់សង្ឃឹម ខកចិត្ត​លើ​ពួកគេ ហើយ​បែរ​មក​ជា​ស្និទ្ធស្នាល នោះ​នឹង​មាន​ផល​ល្អ​ច្រើន។ ​​​

    ៥. និយាយ​ជាមួយ​គ្រូ

    មាតាបិតា​គួរ​ទៅ​សាលា​ជួប​លោកគ្រូ​អ្នកគ្រូ​របស់​កូន ហើយ​សួរ​ថា​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ឱ្យ​កូន​ក្លាយ​ជា​សិស្ស​ ល្អ? ត្រូវ​​ផ្ទៀង​ស្ដាប់​ដោយ​យកចិត្តទុកដាក់ ដើម្បី​រក​ផ្លូវ​ដោះស្រាយ បើ​ទោះបី​ជា​ដំបូន្មាន​ទាំងនោះ ​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏ដោយ។ ​

    ៦. អ្នក​ជា​ផ្នែក​មួយ​របស់​សាលា

    វា​ពិត​ជា​សំខាន់​ណាស់ ដែល​មាតាបិតា​ចាំបាច់​ចូលរួម​ជា​ផ្នែក​មួយ​របស់​​សាលា។ បើ​អ្នក​បង្ហាញ​ថា ​អ្នក​ចាប់​អារម្មណ៍​អ្វី​មួយ​ដែល​កូន​ៗ​​ធ្វើ ពួកគេ​​ក៏​ចាប់​អារម្មណ៍ ហើយ​ថែមទាំង​រីករាយ​ចែករំលែក បទពិសោធន៍​ប្រចាំថ្ងៃ​របស់​ពួកគេ​​ជាមួយ​អ្នក​ទៀត​ផង។ អ្នក​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូ ព្រោះ​គ្រូ​ជា​មនុស្ស​ដឹង​ច្បាស់​ពី​ក្មេងៗ។ កាន់​តែ​ប្រសើរ អ្នក​អាច​ចូល​រួម​ជា​សមាជិក​សមាគម​គ្រូ​មាតាបិតា ឬ​សមាគម​អ្វីផ្សេង ដើម្បី​ឱ្យ​ដឹង​ពី​កូន​អ្នក​កាន់​តែ​ច្រើន។ ​

    ៧. អត់​ធ្មត់ និង​សុទិដ្ឋិនិយម

    មិន​ត្រូវ​បង្ហាញ​អារម្មណ៍​ខឹង​ចែវ​ចាវ ឬ​អស់​សង្ឃឹម បើ​សិន​កូន​អ្នក​រៀន​ខ្សោយ ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​អ្នក​រៀន​កាន់​តែ​ខ្សោយ។ មិន​ត្រូវ​ដាក់​ទណ្ឌកម្ម ផ្ទុយ​ទៅវិញ​ត្រូវ​អត់​ធ្មត់ និង​ស្វែងយល់​ពី​បច្ច័យ​ដែល​​ធ្វើ​ឱ្យ​កូន​អ្នក​ខ្សោយ។ បើ​មិន​ដូច្នេះ​ទេ វា​នឹង​បំផ្លាញ​ទំនាក់ទំនង​ល្អ​រវាង​អ្នក​និង​កូន។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តិចនិក​៧​យ៉ាង ឪពុកម្ដាយ​អាច​ជួយ​ឱ្យ​កូន​ក្លាយ​ជា​សិស្ស​ឆ្លាត Rating: 5 Reviewed By: Unknown
    Scroll to Top